(ភ្នំពេញ)៖ ឆមាសទី១ឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពីវិស័យ ល្បែងពាណិជ្ជកម្មនៅកម្ពុជា បាន ប្រមាណជិត៤០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។
តាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ទទួលបានចំណូលពីកម្រៃផ្សេងៗ បានចំនួន ១៤២,២០២.១១លានរៀល ឬប្រមាណជាង៣៤លានដុល្លារអាមេរិក។
តាមរបាយការណ៍ដដែលនេះ បង្ហាញដែរថា ចំណូលប្រមូលបាន ពី កាតព្វកិច្ចពីល្បែងសរុបមានចំនួន ១៤,៥៧៤.៤៥ លានរៀល ឬប្រមាណជាង៣ លានដុល្លារអាមេរិក ស្មើនឹង ៩.៦៥%នៃផែនការ ក្នុងនោះមាន ចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ មានចំនួនជាង ១២,៦៤១. ៣៨លានរៀល ឬប្រមាណ ៣.១ ដុល្លារ ស្មើនឹង ៨.៥% ធៀបនឹងផែនការ និងចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាង ( ឆ្នោត-ឡូតូ) មានចំនួន ១,៩៣៣.០៧លានរៀល ប្រមាណជាង៤៦ម៉ឺនដុល្លារ ស្មើនឹង ៨២.១៨%ធៀបនឹងផែនការ ។
បើតាមក្រសួងសេដ្ឋកិច្ច ក្នុងឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានរៀបចំលិខិតស្តីពីការបង់កម្រៃសិទ្ធិផ្តាច់មុខប្រចាំឆ្នាំ២០២១របស់ក្រុមហ៊ុន ដែលមានទឹកប្រាក់សរុបចំនួន ៦០០,០០០ដុល្លារ និង បានរៀបចំលិខិតរំលឹកដល់ប្រតិបត្តិករ និង/ ឬកម្មសិទ្ធិករកាស៊ីណូចំនួន២២ក្រុមហ៊ុន ដែលមិនទាន់បំពេញចំណូលកាតព្វកិច្ចពីល្បែងជូនរដ្ឋប្រចាំខែ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២។
ក្នុងរយៈពេល៦ខែនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចុះត្រួតពិនិត្យ និងវាយតម្លៃដល់ទីកន្លែងលើពាក្យស្នើសុំអាជ្ញាបណ្ណ របស់ក្រុមហ៊ុនកាស៊ីណូ ចំនួន១២៥ និងក្រុមហ៊ុនល្បែងផ្សងសំណាង ចំនួន ២២ ព្រមទាំងបានពិនិត្យបែបបទ និងវាយតម្លៃលើការស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណសម្រាប់ឆ្នាំ២០២២ របស់ប្រតិបត្តិករ និង/ ឬកម្មសិទ្ធិករកាស៊ីណូ និងល្បែងផ្សងសំណាង ដោយដំណាក់ កាលទី១ បានសម្រេចផ្តល់អាជ្ញាបណ្ណជូនក្រុមហ៊ុនកាស៊ីណូ ១៣ ៕