(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅឆមាសទី១ កម្ពុជាបានអនុម័តគម្រោងវិនិយោគ ក្នុងវិស័យសំណង់ប្រមាណ ២,០០០គម្រោង លើផ្ទៃក្រឡាសំណង់សរុបទាំងអស់ប្រមាណជា២.៨លានម៉ែត្រការ៉េ ក្រោមទុនវិនិយោគ ១,២០៦លានដុល្លារ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា បើពិនិត្យមើលរបាយការណ៍របស់ក្រសួងរៀបចំដែនដី នៅឆមាសទី១ឆ្នាំនេះឃើញថា ចំនួននៃការស្នើសុំគម្រោងវិនិយោគ ក្នុងវិស័យសំណង់ មានការថយចុះជាងឆ្នាំ២០២១បន្ដិច។
ទោះបីជាយ៉ាងនេះក្ដី លោក ច្រឹក សុខនីម បានអះអាងថា នេះគ្រាន់តែជាសញ្ញានៃការស្នើសុំចាប់ផ្ដើមគម្រោងវិនិយោគ ក្នុងវិស័យសំណង់សារជាថ្មីឡើងវិញ នៅឆមាសទី១ ឆ្នាំ២០២២ប៉ុណ្ណោះ។
លោកបង្ហាញនូវក្ដីរំពឹងទុកថា គម្រោងវិនិយោគវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើងជាបន្ដបន្ទាប់ នៅចុងឆ្នាំ២០២២ ឬក៏នៅឆ្នាំ២០២៣ខាងមុខនេះ។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា «ខ្ញុំគិតថា គម្រោងនេះនៅចុងឆ្នាំ ឬក៏ឆ្នាំក្រោយនឹងបន្ដនៃការស្នើសុំច្រើន ជាបន្ដបន្ទាប់ទៀត ពីព្រោះថា កាលពីប៉ុន្មានឆ្នាំមុន មានភាពរអាក់រអួលខ្លះ ដោយសារតែបញ្ហាប្រឈមនៃជំងឺកូវីដ-១៩»។
បន្ថែមពីនោះទៀត លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ការដាក់ពាក្យស្នើសុំ ក្នុងគម្រោងវិនិយោគវិស័យសំណង់ គឺវាមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែការស្នើសុំពេលខ្លះអនុវត្ដ និងពេលខ្លះពន្យារពេលការអនុវត្ដ។
លោកថា ចំណុចដែលសំខាន់ជាងគេ គឺការអនុវត្ដគម្រោងដែលបានស្នើសុំទាំងអស់នេះ គឺជាកត្ដាសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យ ឲ្យកាន់តែមានការរីកចម្រើន។
ចំពោះស្ថានភាពអចលនទ្រព្យ នាពេលបច្ចុប្បន្ននេះ លោកមើលឃើញថា ចរន្ដនៃការដោះដូរមានការធ្លាក់ចុះបន្ដិច និងភាគច្រើនវិនិយោគិនជាជនជាតិខ្មែរ ហើយជនបរទេសមានការថមថយមួយចំនួនធំ។
តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល វិស័យសំណង់រំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២ភាគរយក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃរំហូរវិនិយោគទុនពីបរទេស សម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
ចំណែកឯវិស័យអចលនទ្រព្យវិញ ក៏ត្រូវបានរំពឹងថានឹងងើបឡើងវិញ ក្នុងកម្រិត៥.២ភាគរយផងដែរ ដោយសារការងើបឡើងវិញនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្រទេសដែលដើរតួនាទីធំជាងគេ នៅក្នុងការវិនិយោគ ក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ទី១៖ ប្រទេសចិន, ទី២៖ កូរ៉េខាងត្បូង, ទី៣៖ ជប៉ុន ហើយបន្ទាប់មកទៀត គឺប្រទេសថៃ ហើយវិស័យនេះ បានចូលរួមនៅក្នុងកិច្ចការអភិវឌ្ឍយ៉ាងសកម្ម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។
គូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបាន ១៩,៣២២គម្រោង ផ្ទៃក្រឡាសំណង់ ៧១,៤៥៩,២៣៣ ម៉ែត្រការ៉េ ទុនវិនិយោគ ៣១,៤៨៤ លានដុល្លារដូចខាងក្រោម៖
* ឆ្នាំ២០១៨ មាន ៣,២៩០គម្រោង ផ្ទៃក្រឡាសំណង់ ១២,៣៧៨,១១៩ម៉ែត្រការ៉េ ទុនវិនិយោគ ៥,៧៥៥លានដុល្លារ
* ឆ្នាំ២០១៩ មាន ៤,៨៨៨គម្រោង ផ្ទៃក្រឡាសំណង់ ២៣,២៥៧,៤១៤ម៉ែត្រការ៉េ ទុនវិនិយោគ ១១,៤៣៧លានដុល្លារ
* ឆ្នាំ២០២០ មាន ៤,៨៤១គម្រោង ផ្ទៃក្រឡាសំណង់ ១៦,៩៦៥,៧៥១ម៉ែត្រការ៉េ ទុនវិនិយោគ ៧,៧៥៣លានដុល្លារ
* ឆ្នាំ២០២១ មាន ៤,៣០៣គម្រោង ផ្ទៃក្រឡាសំណង់ ១២,៩៩៨,០៧២ម៉ែត្រការ៉េ ទុនវិនិយោគ ៥,៣៣៣លានដុល្លារ
* ៦ខែ ឆ្នាំ២០២២ មាន២,០០០គម្រោង ផ្ទៃក្រឡាសំណង់ ២,៨៥៩,៨៧៧ម៉ែត្រការ៉េ ទុនវិនិយោគ ១,២០៦លានដុល្លារ៕