(កំពត)៖ លោកស្រីបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នប្រាក់រៀលត្រូវបានប្រើប្រាស់ច្រើន លើការចំណាយប្រចាំថ្ងៃរ បស់ពលរដ្ឋ។ ជាក់ស្ដែងតាមការអង្កេតរបស់ធនាគារជាតិនៃកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តកំពតប្រើប្រាស់ប្រាក់រៀលប្រមាណ៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលនៅខេត្តកំពតនៅទី២៧ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរទិវាប្រាក់រៀលខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ និងលើកកម្ពស់ការយល់ដឹងពីប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្នុងនោះក៏មានការចូលរួមពីលោកស្រី យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត។

លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា «សម្រាប់ខេត្តកំពតតាមទិន្នន័យបង្ហាញថា ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ ជាមួយគ្នានេះចំណូល-ចំណាយប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តកំពតជាប្រាក់រៀល មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២១ ចំណូលជាប្រាក់រៀលបានកើនឡើង ៧០ភាគរយ ធៀបនឹងឆ្នាំ២០១៧ រីឯការចំណាយជាប្រាក់រៀលវិញកើន៤៧ភាគរយ»

លោកស្រីបានបន្ថែមថា ការចរាចរណ៍ប្រាក់រៀលបានឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ដំណាក់កាលដាក់ឱ្យចរាចរជាផ្លូវការជាលើកដំបូង ការលុបបំបាត់ចរាចរណ៍ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតដែលបានធ្វើឱ្យកម្ពុជា ដើរថយក្រយទៅរកសង្គមទាសភាព សោកនាដកម្ម និងការបំផ្លាញរាល់សមិទ្ធផលសេដ្ឋកិច្ច និងសង្គមជាតិ និងការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០។

លោកស្រីបានបន្ថែមថា ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាបានដាក់ចេញ គោលនយោបាយលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានធ្វើឲ្យទំហំប្រាក់រៀល ក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជន មកលើការប្រើប្រាស់ប្រាក់រៀល។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឱ្យប្រជាជន និងវិនិយោគិនមានជំនឿទុកចិត្ត កាន់តែរឹងមាំមកលើប្រាក់រៀល និងអនាគតនៃសេដ្ឋកិច្ចកម្ពុជា។

លោកស្រី យូ សុគន្ធ បានថ្លែងថា ការចាយវាយប្រាក់រៀលនៅខេត្តកំពត មានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ។ លោកស្រីបានក្រើនរំលឹកប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសមានវត្តមាននៅខេត្តកំពត អំពាវឱ្យបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យរូបិយប័ណ្ណបរទេសឱ្យកាន់តែច្រើនឡើងថែមទៀត។

លោកស្រីអភិបាលរងបញ្ជាក់ថា «សេដ្ឋកិច្ចតំបន់ ឬខេត្តកំពតនិយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេ ប្រសិនបើមិនមានរូបិយវត្ថុជាតិ ដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក»៕