(ភ្នំពេញ)៖ ធុរកិច្ចជនជប៉ុនជាង៥០ក្រុមហ៊ុន បានមកស្វែងយល់ឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា តាមរយៈធនាគារអេស៊ីលីដា ដើម្បីបង្កើនចំនួនវិនិយោគរបស់ជប៉ុននៅកម្ពុជា កាន់តែធំជាងមុន ខណៈគិតត្រឹមឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនរបស់ជប៉ុនចំនួន៨បន្ថែមទៀត បានមកវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២២នេះ។

ក្នុងវេទិកាជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យ នៅប្រទេសកម្ពុជា នៅទីស្នាក់ការកណ្តាធនាគារអេស៊ីលីដា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានថ្លែងថា ការរៀបចំវេទិកាជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យ នៅប្រទេសកម្ពុជានាពេលនេះ គឺដើម្បីលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយក្នុងវេទិកាពិភាក្សានេះ បានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម បរិយាកាស និងភាពអំណោយផល នៅក្នុងការវិនិយោគនៅកម្ពុជា ។

បណ្ឌិត អ៉ីន ចាន់នី បានបង្ហាញពីសក្តានុពលជាច្រើនរបស់កម្ពុជា ដូចជាមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗច្រើន ដូចជាផ្លូវគមនាគមន៍ល្អៗច្រើន មានផ្លូវល្បឿនលឿន ផ្លូវក្រវ៉ាត់ទីក្រុង និងផ្លូវសំខាន់ផ្សេងៗទៀត ព្រមទាំងមានព្រលានយន្តហោះថ្មី កំពុងសាងសង់ដែលជួយសម្រួលក្នុងការដឹកជញ្ជួនទំនិញផ្សេងៗ។ ក្រៅពីនេះកម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើនជាង៦៧ភាគរយ និងមានច្បាប់វិនិយោគថ្មី ដែលបានជួយសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស មកបណ្តាក់ទុនកាន់តែច្រើនថែមទៀត។

លោក KANDA Yogo ប្រធានសភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ក្រុមហ៊ុនជប៉ុនចំនួន៥០ ដែលមកស្វែងយល់ឱកាសវិនិយោគនេះ ភាគច្រើនមកពីវិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង អចលនទ្រព្យ វិស័យផលិតកម្ម ដឹកជញ្ជូន កសិកម្ម និងវិស័យផ្សេងៗទៀត។

លោកបន្តថា នៅក្នុងឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា ក៏មានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយធុរជនកម្ពុជាល្បីឈ្មោះ ដើម្បីស្វែងរកពីឱកាសធ្វើអាជីវកម្មឱ្យបានជោគជ័យ និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា បន្ថែមទៀតផងដែរ ដែលរំពឹងថា នឹងមានអ្នកវិនយោគរបស់ជប៉ុនបន្ថែមទៀត មកវិនិយោគនៅកម្ពុជា ខណៈដែលគិតត្រឹមឆមាសទី១ឆ្នាំ២០២២នេះ ក្រុមហ៊ុនរបស់ជប៉ុនចំនួន៨ បានមកវិនិយោគនៅកម្ពុជាផងដែរ។

លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុនជប៉ុនដែលកំពុងវិនិយោគនៅកម្ពុជា និងបានចុះបញ្ជីសភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា មានជាង២៥០ក្រុមហ៊ុន ក្នុងនោះ២៥%ស្ថិតក្នុងវិស័យផលិតកម្ម និងកម្មន្តសាល, ២៥% ស្ថិតក្នុងវិស័យពាណិជ្ជកម្ម និងសេវាកម្ម និង៥០%ទៀត ស្ថិតក្នុងវិស័យធនាគារ និងធានារ៉ាប់រងរួមនឹងវិស័យផ្សេងៗទៀត។ តែយ៉ាងណាចំនួនក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា អាចនឹងមានលើសនេះ ដោយសារមានក្រុមហ៊ុនផ្សេងទៀត មិនបានចុះបញ្ជីជាសមាជិករបស់សភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២១ ប្រទេសកម្ពុជាបានចុះបញ្ជីការវិនិយោគសរុប មានតម្លៃប្រមាណ ៤១.០២ពាន់លានដុល្លារ ។ វិស័យហិរញ្ញវត្ថុ រួមចំណែក២២.៩%, ផលិតកម្ម ២០.៨%, សំណង់ និងអចលនទ្រព្យ ១៦.១%, សណ្ឋាគារ និងភោជនីយដ្ឋាន ១០.៧% ,កសិកម្ម ១០.៣%, អគ្គិសនី៖ ៦.១% និងវិស័យផ្សេងទៀត ១៣% ៕