(តូក្យូ)៖ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះថ្លៃវិញពីកម្រិតតម្លៃខ្ពស់បំផុតជិតពីរទសវត្សរ៍ធៀបនឹងរូបិយប័ណ្ណធំៗមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកវិនិយោគផ្តោតលើសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកក្នុងគ្រាដែលមានការរំពឹងថានឹងមានការចាត់វិធានការគោលនយោបាយរូបិយវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងប្រាក់ដុល្លារធៀបនឹងរូបិយប័ណ្ណធំៗចំនួនប្រាំមួយបានធ្លាក់ចុះ ០,១៥% មកនៅត្រឹម ១០៨,៤៧ ប៉ុន្តែនៅតែមិនឆ្ងាយពីកម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែកញ្ញាឆ្នាំ២០០២ ដែលនៅពេលនោះមានកម្រិត ១០៩,៩នោះទេ។

វិនិយោគិនបានកំពុងផ្តោតលើធនាគារកណ្តាលអាមេរិក ដែលអាចនឹងចាត់វិធានការដើម្បីទប់ស្កាត់កំណើនអតិផរណានៅឯការកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារនេះនៅទីក្រុង Jackson Hole រដ្ឋ Wyoming។

ប្រាក់ដុល្លារបានធ្លាក់ចុះថ្លៃ ០,២៥% មកនៅត្រឹម ១៣៦,៧៧៥យ៉េនក្នុងមួយដុល្លារ ប៉ុន្តែនៅតែមិនឆ្ងាយប៉ុន្មានពីកម្រិតខ្ពស់ក្នុងរយៈពេលមួយខែនៃសប្តាហ៍នេះដែលមាន ១៣៧,៧០៥នោះទេ។

ប្រាក់អឺរ៉ូបានឡើងថ្លៃ ០,១៤% ដល់ ០,៩៩៨២៥ដុល្លារក្នុងមួយអឺរ៉ូ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ២០ឆ្នាំ គឺ ០,៩៩០០៥ដុល្លារក្នុងមួយអឺរ៉ូកាលពីថ្ងៃអង្គារ។

ប្រាក់ស្ទែលីងរបស់អង់គ្លេសបានឡើងថ្លៃ ០,‌១៧% ដល់ ១,១៨១០៥ដុល្លារបន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២កាលពីថ្ងៃអង្គារដល់ ១,១៧១៨ដុល្លារ។

ប្រាក់ដុល្លារអូស្រ្តាលីបានកើនឡើង ០,១៩% ដល់ ០,៦៩២០ដុល្លារ កើនឡើងពីកម្រិតទាបជាងមួយខែគឺ ០,៦៨៥៦ដុល្លារនៅដើមសប្តាហ៍នេះ៕