(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងនៅសប្តាហ៍នេះថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើប្រធានបច្ចុប្បន្ន និងអតីតប្រធានរបស់ក្រុមហ៊ុនអចលនៈទ្រព្យរដ្ឋចំនួនបួននាក់ ពីបទសង្ស័យថាបានបំពានវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកផ្សេងទៀត ក្រុមអ្នកឃ្លាំមើលអំពើពុករលួយក្នុងប្រទេសចិននៅក្នុងខេត្តស៊ីឈួន ទីក្រុងកំពង់ផែ សៀមិន និងទីក្រុងហ្សិនចិនដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ បានឱ្យដឹងថា ការស៊ើបអង្កេតបានធ្វើឡើងចំពោះលោក Tang Yong លោក Zhuang Yuekai លោក Shi Zhen និងលោក Liu Hui ដោយមិនបានបញ្ជាក់លម្អិតអំពីករណីរបស់ពួកគេ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចទាក់ទងប្រធានក្រុមហ៊ុនទាំងបួននាក់ដើម្បីសើ្នសុំធ្វើអត្ថាធិប្បាយបានភ្លាមៗទេ។
ដំណឹងនេះកើតឡើងនៅពេលដែលប្រទេសចិនជួបប្រទះនឹងវិបត្តិអចលនទ្រព្យដែលបានអូសទាញសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងឆ្នាំកន្លងទៅនេះ។
លោក Zhuang គឺជាប្រធានក្រុមហ៊ុន C&D Real Estate Group ដែលមានមូលដ្ឋាននៅទីក្រុងសៀមិន ដែលមានទ្រព្យសកម្មជាង ៦០០ប៊ីលានយន់ (៨៧,៥៦ប៊ីលានដុល្លារ) នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុននេះ។ លោក Zhuang ក៏កាន់មុខតំណែងនៅក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុនសម្ព័ន្ធនេះផងដែរដូចជាក្រុមហ៊ុន Xiamen C&D Group ក្រុមហ៊ុន C&D Holsin Engineering Consulting និងក្រុមហ៊ុន C&D International Investment Group ។
ក្រុមហ៊ុន C&D International Investment បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយបញ្ជាក់ពីការស៊ើបអង្កេតនេះ។
លោក Shi គឺជាសហសេវិករបស់គាត់ ដែលមុខតំណែងរបស់គាត់នៅក្នុងក្រុមហ៊ុនសម្ព័ន្ធនេះ រួមទាំងជាសមាជិកគណៈកម្មាធិការនៅក្រុមហ៊ុន Xiamen C&D Group ។ អ្នកទាំងពីរកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយសាខាប្រចាំទីក្រុងសៀមិននៃគណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) របស់ប្រទេសចិន។
ទន្ទឹមនឹងនោះគណៈកម្មាធិការ CCDI ប្រចាំខេត្តស៊ីឈួនបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើលោក Tang អតីតប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន China Resources Land ដែលត្រូវបានពិពណ៌នាដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាបានធ្វើការនៅអង្គភាពផ្សេងៗដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអចលនទ្រព្យ China Resources Holdings អស់រយៈពេល ២៩ឆ្នាំ។
លោក Liu ដែលកំពុងត្រូវបានអាជ្ញាធររបស់ទីក្រុងហ្សិនចិនស៊ើបអង្កេត គឺជ អគ្គនាយករងនៃ ShenzhenTalents Settlement Group។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕