(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់បានឱ្យដឹងតាមមរយៈកាសែតរដ្ឋនៅថ្ងៃព្រហស្បតិ៍ថា មីយ៉ាន់ម៉ាទទួលបានប្រាក់ចំណូលចំនួន ៨០០លានដុល្លារពីការនាំចេញឧស្ម័នធម្មជាតិដែលភាគច្រើនទៅកាន់ប្រទេសចិន និងប្រទេសថៃនៅចន្លោះខែមេសាដល់ខែកក្កដា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងនៅក្នុងភាពវឹកវរចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារកាលពីដើមឆ្នាំមុន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំ។

របបយោធាមីយ៉ាន់ម៉ាបានព្យាយាមបង្កើនប្រាក់បម្រុងបរទេស ខណៈដែលប្រាក់ក្យាតរបស់មីយ៉ាន់ម៉ាធ្លាក់ចុះថ្លៃ ហើយអតិផរណាកើនឡើង ដោយបានបញ្ជាឱ្យក្រុមហ៊ុនប្តូររូបិយប័ណ្ណបរទេសរបស់ពួកគេទៅជារូបិយប័ណ្ណក្នុងស្រុក និងពន្យារពេលការទូទាត់ប្រាក់កម្ចីបរទេស។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបាននិយាយថា ឧស្ម័នធម្មជាតិចំនួន ៧៧,៨៩លានគីឡូលីត្រត្រូវបាននាំចេញតាមបំពង់បង្ហូរឧស្ម័នក្នុងរយៈពេល ៤ខែ ដែលភាគច្រើនបានមកពីគម្រោងក្នុងសមុទ្រចំនួនបួនគឺ អណ្តូងរ៉ែ Yadana, Yedagun, Shwe និង Zawtika។

ក្រសួងបានឱ្យដឹងទៀតថា ប្រាក់ចំណូលពីការនាំចេញឧស្ម័នមានខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួន ៦០,៧លានដុល្លារ ។

កាសែតរដ្ឋមីយ៉ាន់ម៉ា់ Global New Light of Myanmar បានរាយការណ៍ថា ការនាំចេញភាគច្រើនគឺទៅកាន់ប្រទេសថៃ និងចិន។

ក្រុមហ៊ុន PTT Exploration and Production Pcl របស់ប្រទេសថៃ ផលិត និងនាំចេញឧស្ម័នធម្មជាតិពីអណ្តូង Yadana, Yetagun និង Zawtika។ ប្រទេសមីយ៉ាន់ម៉ាផ្គត់ផ្គង់ប្រហែល ១៤% នៃតម្រូវការឧស្ម័នធម្មជាតិរបស់ប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕