(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬបុគ្គលដែលមិនមានអាជ្ញាប័ណ្ណ តែធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការផ្ដល់ឥណទានជូនប្រជាពលរដ្ឋ។
ធនាគារជាតិនៃកម្ពុជា សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ព្រោះអតិថិជនរបស់គ្រឹះស្ថានទាំងនោះ ត្រូវបានការពារដោយច្បាប់។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ស្ដីពី ការផ្សព្វផ្សាយ និងផ្ដល់ឥណទានដោយខុសច្បាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា កន្លងមកធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា មានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ ដោយផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើនដូចជា៖ ប្រព័ន្ធអនឡាញ, បណ្តាញសង្គម, ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានាជាដើម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ជាធរមាន ជាពិសេសច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ឥណទានក្រៅផ្លូវការខុសច្បាប់គ្រប់រូបភាព ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាមនីតិវិធីច្បាប់ជាធរមាន។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា «ដើម្បីចៀសវាងការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពីការទទួលបានឥណទានក្រៅផ្លូវការ និងដើម្បីរក្សាស្ថិរភាពក៏ដូចជា ជំនឿទុកចិត្តរបស់សាធារណជន ក្នុងប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជាសូមស្នើដល់សាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពី ធនាគារជាតិនៃកម្ពុជារួមមាន៖ ធនាគារពាណិជ្ជ ធនាគារឯកទេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហ័រញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់ និងផ្លូវការដែលអាចផ្តល់ឥណទាន និង/ឬសេវាពាក់ព័ន្ធផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។
គ្រឹះស្ថានទាំងនេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះ ត្រូវបានការពារដោយច្បាប់ផងដែរ៕