(ភ្នំពេញ)៖ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកទឹកចិត្តចំពោះសហគ្រាសដែលមានអាជីវកម្មទិញ-លក់ស៊ីម៉ង់ត៍ ដែលពុំទាន់បានចុះបញ្ជីពន្ធដារ ត្រូវមកចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីធានាបាននូវការប្រកួតប្រជែងស្មើភាពក្នុងធុរកិច្ច។

ការលើកទឹកចិត្ដបែបនេះក្នុងឱកាសដែលលោកជួបពិភាក្សាជាមួយ សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា។

លោក កែន សម្បត្តិ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តកិច្ចសហការល្អជាមួយសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ក្នុងការជួយសម្របសម្រួល បណ្តុះបណ្តាល និងឆ្លើយតបនឹងសំណើផ្សេងៗ ដើម្បីលើកកម្ពស់នូវអនុលោមភាពសារពើពន្ធ ឲ្យបានកាន់តែប្រសើរឡើង។

លោក កែន សម្បត្តិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកតំណាងសមាគមឧស្សាហកម្ម អគ្គនាយកដ្ឋានពន្ធដារស៊ីម៉ង់ត៍កម្ពុជា និងសហគ្រាសទិញ-លក់ស៊ីម៉ង់ត៍ ក្នុងកិច្ចពិភាក្សានេះ ដែលបានផ្តល់ នូវធាតុចូល និងលើកឡើងនូវសំណូមពរផ្សេងៗ ដើម្បីពង្រឹងនូវអនុលោមភាពសារពើពន្ធ ឲ្យបានកាន់តែប្រសើរឡើង និងរួមចំណែកលើកកម្ពស់ចំណូលជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក កែន សម្បត្តិ បានលើកទឹកចិត្ត ការចុះបញ្ជីពន្ធដារ ការប្រកាស និងបង់ប្រាក់ពន្ធជូនរដ្ឋបាលសារពើពន្ធ ក្នុងនាមជាភ្នាក់ងារផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងនាមសហគ្រាសដើម និងការអនុវត្តកាតព្វ កិច្ចសារពើ ពន្ធផ្សេងៗ ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពី ពន្ធដារ ព្រមទាំងបានពិភាក្សាលើសំណូមពរផ្សេងៗ របស់អ្នកតំណាងឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា និងសហគ្រាសទិញ-លក់ស៊ីម៉ង់ត៍ នៅកម្ពុជា។

លោកបានវាយតម្លៃខ្ពស់ ចំពោះសហគ្រាសទិញ-លក់ស៊ីម៉ងត៍ ដែលបានចុះបញ្ជីពន្ធដារជោគជ័យ ហើយបាននិងកំពុងបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវ ស្របតាមច្បាប់និងបទប្បញ្ញត្តិ និងមានឆន្ទៈពង្រឹង នូវអនុលោមភាពសារពើពន្ធ ព្រមទាំងសហការល្អជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការលើកកម្ពស់ការប្រមូលចំណូលសារពើពន្ធ ដើម្បីរួមចំណែកក្នុងការបង្កើនចំណូលជាតិ។

គូសបញ្ជាក់ថា បើតាមក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្នុងមួយឆ្នាំរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥នៅកម្ពុជា ផលិតស៊ីម៉ងត៍បាន៩លានតោន ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក និងប្រមូលចំណូលសួយសារអារកប្រមាណ ៧លានដុល្លារចូលថវិកាជាតិ។

រោងចក្រផលិតស៉ីម៉ង់ត៍ទាំង៥ ដែលកំពុងដំណើរការនៅកម្ពុជា រួមមាន៖

១៖ រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

២៖ រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។

៣៖ រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ ហើយដែលបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ២០១៨។

៤៖ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) នៅទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ផលិតបានជិត២លានតោនក្នុង១ឆ្នាំ ហើយដែលបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែឧសភា ឆ្នាំ២០១៨។

៥៖ រោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជិត១លានតោនក្នុងមួយឆ្នាំ ហើយដែលបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕