(ភ្នំពេញ)៖ ស្វាយកែវរមៀតកំពុង ឡើងថ្លៃខ្លាំងនារដូវនេះ ដោយស្វាយខ្ចប់កើនចន្លោះពីជាង១០០០រៀល ទៅ៣៧០០រៀលក្នុងមួយគីឡូក្រាម បើទោះបីជាកន្លងមកការនាំចេញស្វាយទៅចិន ជួបបញ្ហាប្រឈមក៏ដោយ ខណៈកសិករមួយចំនួន បានកាប់ដើមស្វាយចោល និងមួយចំនួនទៀតបោះបង់ការថែទាំ និងមិនផលិតស្វាយខុសរដូវ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ដែលបានចងក្រង និងជួយរកទីផ្សារសម្រាប់កសិករដាំស្វាយកែវរមៀត បានប្រាប់បណ្តាព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែសីហានេះថា តម្លៃផ្លែស្វាយកែវរមៀត បានហក់ឡើងថ្លៃចាប់តាំងពីខែកក្កដាមក បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកកាលពីដើមឆ្នាំ។
លោថា មូលហេតុដែលស្វាយមៀតឡើងថ្លៃនេះ ដោយសារទីផ្សារពិភពលោក មានដំណើរការឡើងវិញ ហើយប្រទេសចិនបានបើកប្រទេស ដែលធ្វើឱ្យចិនបញ្ជាទិញស្វាយស្រស់ពីកម្ពុជា ស្របពេលរោងចក្រចិនបើកកែច្នៃនៅកម្ពុជា បានចាប់ផ្តើមប្រមូលទិញសា្វយ ពីកសិករផលិតជាដំណាប់ សម្រាប់នាំចេញទៅចិន ។
លោកបានបន្តថា ក្នុងរយៈពេល៣ឆ្នាំជាប់គ្នាៗមកនេះ កសិករស្វាយកែវរមៀត បានរងគ្រោះខ្លាំងដោយសារកូវីដ១៩ និងគោលនយោបាយកូវីដសូន្យរបស់ចិន និងបច្ចុប្បន្នវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កឱ្យការដឹកជញ្ជូនឡើងថ្លៃ ដែលធ្វើឱ្យធ្វើឱ្យកសិករដាំស្វាយកែវរមៀត រងការខាតបង់ធ្ងន់ធ្ងរ និងខកចិត្តជាខ្លាំង។ ហេតុនេះ កាលពីឆ្នាំកន្លងមក កសិករមួយចំនួនបានកាប់ដើមស្វាយចោលច្រើន និងចំការខ្លះក៏មិនបានថែទាំ និងផលិតស្វាយខុសរដូវដែរ កត្តានេះក៏ធ្វើឱ្យស្វាយឡើងថ្លៃដែរ។
លោកថា បច្ចុប្បន្ននេះ ស្វាយសម្រាប់រោងចក្រយក ទៅកែច្នៃធ្វើជាដំណាប់មានតម្លៃ ១៥០០រៀល និងស្វាយខ្ចប់សម្រាប់នាំចេញ ឡើងថ្លៃរហូតដល់៣៧០០រៀល ក្នុងមួយគីឡួក្រាម ដែលជាតម្លៃល្អបំផុត។
លោកលើកឡើងថា «ប្រសិនបើកសិករគាត់អត់ធ្មត់ចូលរួមជាមួយសមាគម ខ្ញុំគិតថាពួកគាត់អាចដឹងព័ត៌មានច្រើនហើយ នឹងអាចជួយឱ្យពួកគាត់ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដល់ពេលគាត់អត់ចូលជាសមាជិកសមាគម គាត់អត់ដឹងពីទំនោរទីផ្សារសកលទេ ដូច្នេះគាត់ធ្វើទៅគាត់ខាត ហើយគាត់កាប់ចោល។ កាប់ដាំៗ ធ្វើឱ្យកសិកររបស់យើងខាតបង់ច្រើន ហើយយើងមិនមានការអភិវឌ្ឍន៍ទេ ដោយសារការកាប់ដាំនេះ»។
លោកស្រី ឈិន ចំរើន នាយកាក្រុមហ៊ុន Ploy Green Land បានប្រាប់បណ្តាព័ត៌មាន Fresh News ថា នៅសមាគមស្វាយកែវរមៀតគិរីរម្យ ស្វាយប្រភេទលេខ១ មានតម្លៃចន្លោះពី២០០០ទៅ៣៥០០រៀលក្នុងមួយគីឡូក្រាម ប្រភេទលេខទី២ មានតម្លៃ១គីឡូ១៥០០រៀល និងប្រភេទលេខ៣ ថ្លៃ១០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកស្វាយក្រៅកញ្ចប់ ដែលទិញសម្រាប់កែច្នៃជាដំណាប់មានតម្លៃ ចន្លោះពី៨០០រៀលទៅ១២០០រៀលក្នុងមួយគីឡូក្រាម។ ដោយឡែកក្តឹបស្វាយវិញ ដែលគេទិញសម្រាប់លក់នៅតាមហាងម្ជូរ បានកើនឡើងពី៤០០០រៀល ទៅ៥០០០រៀលក្នុងមួយគីឡូក្រាម។
លោកស្រីបញ្ជាក់ថា «បច្ចុប្បន្ននេះស្វាយឡើងថ្លៃ គឺទី១ ដោយសារតែខែនេះជាខែផុតរដូវស្វាយ នៅតាមភូមិដ្ឋានអត់មានស្វាយទេ។ កាលណា ស្វាយនៅតាមផ្ទះប្រជាជនអត់មាន ជាស្វ័យប្រវត្តិ គឺឡើងថ្លៃ។ ស្វាយចុះថ្លៃខ្លាំងចាប់ផ្តើមពីខែធ្នូ រហូតដល់ខែមករា តែវាចាប់ផ្តើមឡើងបន្តិចវិញ នៅមុនចូលឆ្នាំចិន តែបើចូលឆ្នាំចិនរួច គឺធ្លាក់រហូតទៅដល់ខែមេសា ខែឧសភា»។
លោកស្រីថា ការឡើងថ្លៃនេះ ក៏ស្របពេលប្រជាកសិករ នៅសមាគមស្វាយរមៀតគិរីរម្យ បានចាប់ផ្តើមបេះក្តឹបស្វាយលក់ ដោយទុកផ្លែតិចតួចប៉ុណ្ណោះ នៅលើដើមសម្រាប់ខ្ចប់ធ្វើឱ្យស្វាយកាន់តែមានគុណភាព។
លោកស្រីយល់ថា ដើម្បីកាត់បន្ថយហានិភ័យកង្វះទីផ្សារ និងសល់ស្វាយនៅលើដើម ដូចកាលពីដើមឆ្នាំនេះ កសិករគួរតែដាំស្វាយឱ្យត្រូវតាមស្តង់ដារ និងរក្សាទុកស្វាយតិចតួច នៅលើដើមសម្រាប់ខ្ចប់ ព្រោះជាទូទៅក្នុងមួយចង្កោម មានស្វាយមានគុណល្អ ដែលជាស្វាយនាំចេញ មានប្រមាណតែពី១ទៅ២ផ្លែប៉ុណ្ណោះ ហើយសល់ប៉ុន្មាន កសិករកួរបេះក្តឹបលក់ ដែលទទួលបានតម្លៃល្អ និងផលិតស្វាយខុសរដូវ ដើម្បីទទួលបានតម្លៃថ្លៃ។
ចំណែក លោក អួន ស៊ីឡុត យល់ថា ដើម្បីដោះស្រាយបញ្ហាស្វាយគ្មានទីផ្សារ កម្ពុជាត្រូវការរោងចក្រកែច្នៃស្វាយបន្ថែមទៀត សម្រាប់ការនាំចេញឱ្យបានច្រើន ជាជាងការនាំចេញផ្លែស្រស់ ដែលប្រឈមហានិភ័យដូចសព្វមួយដង។ ហើយកសិករគួរតែចងក្រងគ្នាជា សហគមន៍កសិកម្ម ដែលអាចជួយទីផ្សារបានដោយងាយ ព្រោះក្រុមហ៊ុនភាគច្រើនមិនចង់ទិញពីឈ្មួញកណ្តាលទេ គឺចង់ទិញពីកសិករដោយផ្ទាល់។ ហេតុនេះប្រសិនបើកសិករចងជាក្រុម ធ្វើឱ្យក្រុមហ៊ុនងាយស្រួលបញ្ជាទិញ។ ហើយចំណុចសំខាន់នោះ កសិករត្រូវទៅចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងដាំតាមស្តង់ដារនាំចេញ។
លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិផ្នែកនៃចេញកសិផលនៃក្រុមហ៊ុនអង្គរហ្គ្រីន បានប្រាប់ឲ្យដឹងថា ស្វាយកែវរមៀតតម្លៃល្អនៅដើមរដូវ ព្រោះស្វាយមានបរិមាណតិច តែមានអ្នកទិញច្រើន។ លោកថា ពេលនេះតម្លៃស្វាយខ្ចប់បាន១គីឡូក្រាម តម្លៃ៣,០០០រៀល ទៅ៣,៥០០រៀល ឯស្វាយខៀវសម្រាប់លក់នៅទីផ្សារ ឬយកទៅកែច្នៃអាចតម្លៃ១,៥០០រៀល ទៅ១,៧០០រៀលក្នុង១កីឡូក្រាម។
លោកបន្ថែមថា តម្លៃអាចនឹងធ្លាក់ថ្លៃវិញ នៅពេលកសិករអាចប្រមូលផលបានច្រើន ពិសេសក្នុងខែតុលា ដល់ធ្នូ។ ក្នុងឆ្នាំនេះ កសិករបោះបង់ចំការ និងបោះបង់ការធ្វើស្វាយខុសរដូវច្រើន ដែលអាចធ្វើឲ្យខ្វះស្វាយនៅលើទីផ្សារ បើតម្រូវការនៅមានច្រើន និងមិនរាំងស្ទះក្នុងចរាចរទិញ-លក់ តម្លៃអាចនឹងប្រសើរជាងមុន។
អគ្គនាយកដ្ឋានកសិកម្មធ្លាប់បានបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ៕