(បាងកក)៖ ការព្យាករទីផ្សារមួយដែលចេញផ្សាយដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ទេសចរណ៍របស់ប្រទេសថៃនៅក្នុងឆមាសទីពីរឆ្នាំនេះ ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវបរទេសចំនួន ៧,៥លាននាក់ និងរួមចំណែកជាទឹកប្រាក់ចំនួន ៤០៣ប៊ីលានបាត (ប្រហែល ១១,១៦ប៊ីលានដុល្លារ) ដល់សេដ្ឋកិច្ចថៃ។ នេះបើយោងតាមកសែតបាងកកប៉ុស្តិ៍។
លោក Yuthasak Supasorn អភិបាលអាជ្ញាធរ TAT ត្រូវបានដកស្រង់សំដីដោយការសែតបាងកកប៉ុស្តិ៍ថា ការវិភាគទីផ្សារអន្តរជាតិសម្រាប់ឆមាសទីពីរអាចមើលឃើញកំណើន ៣,៥ដងធៀបនឹងឆមាសទីមួយ ដោយសារកត្តាអំណោយផលជាច្រើនជួយគាំទ្រដល់តម្រូវការទីផ្សារ។ ឆមាសទី១ ទទួលបានភ្ញៀវទេសចរបរទេសសរុប ២,១២លាននាក់។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុបចំនួន ៧,៥លាននាក់ អាស៊ីអាគ្នេយ៍ត្រូវបានព្យាករថាមានចំនួនភ្ញៀវទេសចរចំនួន ៣,១៣លាននាក់ ដែលបង្កើតប្រាក់ចំណូលចំនួន ១១៤ប៊ីលានបាត បន្ទាប់មកដោយតំបន់អឺរ៉ុបដែលមានអ្នកធ្វើដំណើរ ១,៦លាននាក់ និងប្រាក់ចំណូលខ្ពស់បំផុតប្រហែល ១១៩ប៊ីលានបាត ដោយសាររយៈពេលស្នាក់នៅយូរ។
តំបន់អាស៊ីអាគ្នេយ៍មានចក្ខុវិស័យដ៏មានសក្តានុពលបំផុតដោយសារច្រកព្រំដែនគោកបានបើកឡើងវិញទាំងស្រុង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនបានបន្តផ្លូវហោះហើររបស់ពួកគេវិញ ដើម្បីតភ្ជាប់ទីក្រុងសំខាន់ៗនៅក្នុងតំបន់។
តំបន់អាស៊ីខាងត្បូងដែលដឹកនាំដោយប្រទេសឥណ្ឌា អាចមើលឃើញភ្ញៀវទេសចរចំនួន ៩៨៩ ៣២០នាក់ជាមួយនឹងការចំណាយសរុបចំនួន ៥០ប៊ីលានបាត។ ការរីកចម្រើនយ៉ាងខ្លាំងនៃទីផ្សារនេះកើតចេញពីការតភ្ជាប់ជើងហោះហើរទៅកាន់ទិសដៅផ្សេងៗ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា សម្រាប់តំបន់ផ្សេងទៀត តំបន់អាស៊ីភាគឦសាននឹងឃើញភ្ញៀវទេសចរចំនួន ៨៣១.៩០០ នាក់ បង្កើតចំណូលបាន ៤២ប៊ីលានបាត តំបន់មជ្ឈិមបូព៌ាអាចនឹងបង្កើតប្រាក់ចំណូល ៤០ប៊ីលានបាតពីអ្នកដំណើរ ៤៤៩ ៨០០នាក់ បន្ទាប់មកសហរដ្ឋអាមេរិក ដែលមានអ្នកធ្វើដំណើរ ២៥៧ ៤២០នាក់ ដែលចូលរួមចំណែកចំណូលចំនួន ១៩ប៊ីលានបាត ហើយអូសេអានីអាចមានភ្ញៀវទេសចរ ២៣៤ ៥៧០ នាក់ដែលបង្កើតប្រាក់ចំណូលបាន ១៨,៤ប៊ីលានបាត ហើយភ្ញៀវទេសចរ ២៧ ៥០០ នាក់ផ្សេងទៀតត្រូវបានរំពឹងថាមកពីទ្វីបអាហ្រ្វិកជាមួយនឹងការចំណាយសរុបចំនួន ១,៨ប៊ីលានបាត។
លោក Yuthasak បានថ្លែងថា លទ្ធផលដែលបានមកពីការវិភាគនេះបានបង្ហាញថា ឆ្នាំនេះប្រទេសថៃអាចទទួលបានអ្នកដំណើរយ៉ាងហោចណាស់ ៩,៦២លាននាក់ ដែលចំនួននេះជិតដល់គោលដៅ ១០ លាននាក់របស់ប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕