(ភ្នំពេញ)៖ អ្នកនាំចេញបានលើកឡើងថា ការនាំចេញចេក និងស្វាយស្រស់របស់កម្ពុជាទៅប្រទេសចិន និងទីផ្សារអន្តរជាតិ នៅតែជួបបញ្ហាប្រឈម ខណៈក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ការនាំចេញចេកទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ជាង៧% និងនាំចេញស្វាយស្រស់ ធ្លាក់ចុះជិត២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកជាក្រុមហ៊ុននាំចេញចេក និងស្វាយទៅកាន់ប្រទេសចិន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហានេះថា ការនាំចេញផលិតផលផ្លែឈើស្រស់ និងកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន មិនសូវល្អនោះទេ ក្នុងរយៈពេលនេះ ដោយសារតែបញ្ហាបិទខ្ទប់នៅចិន ដែលធ្វើឱ្យការនាំចេញមានការថមថយខ្លាំង។
លោកបន្តថា «កត្តាដែលនាំឱ្យមានការថយចុះនៃការនាំចេញកសិផលទាំងស្រស់ និងកែច្នៃ បញ្ហាដែលចម្បងជាងគេ គឺការបិទខ្ទប់នៅប្រទេសចិន ដែលធ្វើឱ្យមានការកកស្ទះជាច្រើន នៅតាមបណ្តាព្រំដែនជាពិសេសព្រំដែនវៀតណាមចូលទៅចិន ទើបធ្វើឱ្យមានការថមថយខ្លាំងមែនទែន»។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ជាង២៥ ម៉ឺនតោន ធ្លាក់ចុះ ៧.២៨% ក្នុងនោះនាំចេញទៅចិន មានចំនួនជាង២២ម៉ឺនតោន និងប្រទេសវៀតណាមចំនួន២ម៉ឺន៤ពាន់តោន។
ដោយឡែកការនាំចេញផ្លែស្វាយស្រស់វិញ មានចំនួនជាង១១ម៉ឺន ថយចុះ២៦.៨៤% ក្នុងនាំចេញទៅប្រទេសវៀតណាមចំនួនជាង ៦ម៉ឺន២ពាន់តោន ប្រទេសថៃចំនួន ២ម៉ឺន៧ពាន់តោន ប្រទេសចិនចំនួនជាង២ម៉ឺន៧ពាន់តោន ប្រទេសកូរ៉េជាង១៦០តោន និងហុងកុងចំនួនជាង២តោន។
រីឯការនាំចេញដំណាប់ស្វាយវិញ មានចំនួនជាង១ម៉ឺន៣ពាន់ ថយចុះ២.២២% ក្នុងនោះ៨៥% ត្រូវបាននាំចេញទៅប្រទេសចិន និង១៥% ត្រូវបាននាំចេញទៅថៃ ហ្វីលីពីន វៀតណាម ជប៉ុន រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីតាលី កូរ៉េ និងសហរដ្ឋអាមេរិក។
បើតាមក្រសួងកសិកម្មក្នុងរយៈពេល៧ខែឆ្នាំនេះ ការនាំចេញកសិផលក្រៅពីស្រូវ និងអង្ករ ទទួលបានចំណូលប្រមាណ ១ ៧៥៥លានដុល្លារអមេរិក៕