(បាងកក)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏អាក្រក់នៃជំងឺកូវីដ-១៩ លើសេដ្ឋកិច្ច និងឧស្សាហកម្មទេសចរណ៍ ប៉ុន្តែកិច្ចប្រជុំនេះមិនបានឈានដល់ការឯកភាពគ្នាលើបញ្ហាទាំងអស់នោះទេដោយសារតែបញ្ហារសើបមួយចំនួន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមការងារទេសចរណ៍របស់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី៦០ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ APEC លើកទី១១ នៅថ្ងៃសុក្រក្នុងទីក្រុងបាងកក រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ស្តីពី «ទេសចរណ៍នៃអនាគត៖ ទេសចរណ៍បង្កើតឡើងវិញ» ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់សេដ្ឋកិច្ចចំនួន២១។
លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃបាននិយាយថា សមាជិក APEC បានសម្តែងការព្រួយបារម្ភចំពោះការផ្ទុះឡើងជំងឺកូវីដ-១៩ មិនចេះចប់ និងបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលកំពុងរារាំងដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ ជាពិសេសការកើនឡើងថ្លៃធ្វើដំណើរដោយសារអតិផរណាខ្ពស់ និងការកើនឡើងតម្លៃប្រេងឥន្ធនៈ។
លោក Phiphat បាននិយាយថា ប្រទេសជាសមាជិកបានយល់ព្រមធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលអនុញ្ញាតឱ្យមានលំហូរទំនិញ ការវិនិយោគ និងប្រជាជនកាន់តែប្រសើរឡើង ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍។
ទោះជាយ៉ាងណា ការឯកភាពជារួមមិនអាចសម្រេចបានទេនៅក្នុងកិច្ចប្រជុំនេះ ដោយសារមានការខ្វែងគំនិតគ្នាមួយចំនួនលើចំណុចជាក់លាក់នានា ដូច្នេះការបិទបញ្ចប់កិច្ចប្រជុំត្រូវបានចេញជា «សេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំ» ជំនួសវិញ។
ទន្ទឹមនឹងនេះ ក្រុមការងារទេសចរណ៍ APEC នឹងបន្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២០-២០២៤ ដែលផ្តោតលើសសរស្តម្ភចំនួនបួន៖ ការផ្លាស់ប្តូរទៅជាឌីជីថល ការអភិវឌ្ឍមូលធនមនុស្ស ការសម្រួលការធ្វើដំណើរនិងការប្រកួតប្រជែង និងទេសចរណ៍ប្រកបដោយនិរន្តរភាពនិងកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕