(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បានបញ្ជាឱ្យនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងពិចារណាលើសំណើរបស់ក្រុមហ៊ុនផលិតមីកញ្ចប់ធំៗចំនួន៥ ដែលស្នើសុំអនុញ្ញាតដំឡើងថ្លៃមីកញ្ចប់របស់ខ្លួនស្របតាមការកើនឡើងថ្លៃដើមផលិតកម្ម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ប៉ុន្តែលោករដ្ឋមន្ត្រីបានលើកឡើងថា ជាទស្សនៈផ្ទាល់ខ្លួន ការស្នើសុំដំឡើងថ្លៃចំនួនពីរបាតក្នុងមួយកញ្ចប់ ពោលកឺពី ៦បាតទៅ ៨បាត ត្រូវបានចាត់ទុកថាខ្ពស់ពេក ហើយការកើនឡើងថ្លៃខ្លាំងបែបនេះអាចប៉ះពាល់ដល់អ្នកមានចំណូលទាប។
លោក Jurin ត្រូវបានដកស្រង់សំដីដោយកាសែតបាងកកប៉ុស្តិ៍ថា៖ «ការអនុញ្ញាតឱ្យក្រុមហ៊ុនផលិតមីកញ្ចប់ដំឡើងថ្លៃឬអត់នោះគឺអាស្រ័យលើការសម្រេចចិត្តរបស់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងដែលនឹងសិក្សា និងវិភាគតម្លៃផលិតកម្មរបស់ពួកគេនៅពេលក្រោយ»។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានណែនាំនាយកដ្ឋានរួចហើយថា ការកែតម្រូវតម្លៃ ប្រសិនបើត្រូវបានអនុម័ត គួរតែស្របតាមតម្លៃផលិតកម្មជាក់ស្តែងរបស់ក្រុមហ៊ុនផលិត និងមានផលប៉ះពាល់តិចបំផុតដល់អ្នកប្រើប្រាស់»។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា តម្លៃផលិតរបស់ក្រុមហ៊ុនផលិតមីក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង រួមទាំងតម្លៃថាមពល ថ្លៃអគ្គិសនី តម្លៃឧស្ម័ន ថ្លៃដឹកជញ្ជូន និងវត្ថុធាតុដើមនានាដូចជាស្រូវសាលី និងប្រេងឆាជាដើម។
ក្រុមហ៊ុនផលិតមីកញ្ចប់ធំជាងគេទាំងប្រាំរួមមានក្រុមហ៊ុនផលិតមីម៉ាម៉ា មីវ៉ៃវ៉ៃ មីយ៉ាំយ៉ាំ មីនីស៊ីន និងមីស៊ឺសាត់ កាលពីថ្ងៃអង្គារបានរួមគ្នាដាក់លិខិតមួយដែលបានចុះហត្ថលេខាដោយនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងនេះ ទៅកាន់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្មថៃ ដើម្បីស្នើសុំដំឡើងថ្លៃមីកញ្ចប់ពី ៦ បាតក្នុងមួយកញ្ចប់ដល់ ៨បាត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕