(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនប្រឆាំងយ៉ាងខ្លាំងទៅនឹងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ហើយខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់ជានូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កោះតៃវ៉ាន់និងអាមេរិកបានឱ្យដឹងថា ពួកគេនឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មស្ថិតក្រោមគំនិតផ្តួចផ្តើមថ្មីមួយ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Shu Jueting អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងជាប្រចាំថា គោលនយោបាយ “ចិនតែមួយ” គឺជាបុរេលក្ខខណ្ឌមួយសម្រាប់ការចូលរួមរបស់តៃវ៉ាន់ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស។
ក្រសួងការបរទេសចិនក៏បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ផងដែរថា ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន និងជំរុញសហរដ្ឋអាមេរិកកុំឱ្យធ្វើការវិនិច្ឆ័យខុស។
កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មស្ថិតក្រោមគំនិតផ្តួចផ្តើមថ្មីមួយដោយនិយាយថា ពួកគេចង់ឈានដល់កិច្ចព្រមព្រៀងជាមួយនឹង «លទ្ធផលប្រកបដោយអត្ថន័យសេដ្ឋកិច្ច» ដែលជាសញ្ញាមួយផ្សេងទៀតនៃការបង្កើនការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះ។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ភាគីទាំងពីរបាន «ឈានដល់ការឯកភាពគ្នាលើអាណត្តិចរចា» ហើយគេរំពឹងថា កិច្ចចរចាជុំទីមួយនឹងប្រព្រឹត្តទៅនៅដើមរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕