(ព្រុចសែល)៖ សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងទាបជាងការព្យាករបឋមបន្តិចក្នុងត្រីមាសទី ២ ឆ្នាំនេះ ខណៈដែលមានសញ្ញាបន្តបង្ហាញថា សន្ទុះកំណើនសេដ្ឋកិច្ចកំពុងថមថយវិញ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ការិយាល័យស្ថិតិអឺរ៉ុប Eurostat ដែលបានចេញផ្សាយនៅថ្ងៃពុធថា សេដ្ឋកិច្ចរបស់តំបន់នេះបានកើនឡើង ០,៦% ក្នុងរយៈពេលបីខែមុនចាប់ពីខែមេសាដល់ខែមិថុនា ធៀបនឹងការព្យាករបឋមដែលថាមានកំណើន ០,៧%។ ស្របពេលជាមួយគ្នានេះដែរ អត្រាមានការងារធ្វើបានកើនឡើង ០,៣ភាគរយក្នុងរយៈពេលដូចគ្នានេះ។

បើទោះបីជាទិន្នន័យនៅតែបង្ហាញថា សេដ្ឋកិច្ចរបស់អឺរ៉ុបកំពុងស្ថិតក្នុងការបោះជំហានដ៏រឹងមាំមួយឆ្ពោះទៅកាន់រដូវក្តៅក៏ដោយ ក៏អ្នកវិភាគបារម្ភថា កង្វះថាមពលនឹងជំរុញឱ្យអតិផរណាកើនឡើងខ្ពស់ ដែលនាំឱ្យទ្វីបនេះធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច។ យោងតាមការអង្កេតមួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Bloomberg បានបង្ហាញថា ការដើរថយក្រោយនៃសេដ្ឋកិច្ចឥឡូវនេះទំនងជាកើតមានឡើង ដោយអត្រាដែលអាចកើតមាននេះមានរហូតដល់ទៅ ៦០%។

អតិផរណារបស់តំបន់ប្រើប្រាស់ប្រាក់រួមគ្នាមួយនេះត្រូវបានរំពឹងថានឹងមានជាមធ្យមជិត ៨% ក្នុងឆ្នាំ ២០២២ ពោលគឺប្រហែល ៤ដងនៃគោលដៅរបស់ធនាគារកណ្តាលអឺរ៉ុប។ ក្រុមមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់លើការចាត់វិធានការដោយបង្ខំ ដើម្បីទប់ស្កាត់មិនឱ្យមានការកើនឡើងអតិផរណាខ្ពស់ ទោះបីជាអ្នកសេដ្ឋវិទូមួយចំនួនចោទសួរថាតើអត្រាការប្រាក់អាចកើនឡើងដល់កម្រិតណាប្រសិនបើមានការដើរថយក្រោយនៃសេដ្ឋកិច្ចនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕