(ភ្នំពេញ)៖ គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានចង់ក្រង និងបោះពុម្ពសៀវភៅមួយឈ្មោះថា «ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ» ដែលសៀវភៅនេះបោះពុម្ពឡើង ដើម្បីបញ្ជ្រាបចំណេះដឹងពីផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព ដល់ប្រជាជនកម្ពុជា ពិសេសសម្រាប់កុមារ ឲ្យមានចំណេះដឹងពីវិធីសាស្រ្ដនៃការប្រើប្រាស់លុយ ឲ្យមានប្រសិទ្ធភាពតាំងពីវ័យក្មេង។
សៀវភៅ «ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ» មានកម្រាស់ ៤២ទំព័រ ដោយក្នុងមាតិកានីមួយៗ ផ្ដោតសំខាន់លើប្រវត្តិនៃក្រដាសប្រាក់ ពិសេស បានបង្ហាញលម្អិតនូវព័ត៌មានផ្សេងៗ អមជាមួយរូបភាពជាច្រើន ទាំងរូបភាពគំនូរជីវចល និងរូបភាពពិតៗនៃសង្គមជាក់ស្ដែង ដែលផ្ដល់ភាពងាយស្រួលមែនទែន សម្រាប់កុមារក្នុងការអាន មើល និងងាយស្រួលយល់។
លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជាបានថ្លែងថា «ការបោះពុម្ពសៀវភៅ ស្ដីពី ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសេវាហិរញ្ញវត្ថុ ព្រមទាំងផ្សព្វផ្សាយពី សារៈសំខាន់មួយចំនួននៃវិស័យហិរញ្ញវត្ថុ។ តាមរយៈសៀវភៅនេះ នឹងផ្ដល់ចំណេះដឹងជូនដល់ប្រជាជនកម្ពុជា ពិសេសសិស្សានុសិស្ស និងជាមូលដ្ឋានគ្រឹះសម្រាប់កុមារា កុមារី ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាពនាពេលអនាគត»។
លោកបានបន្ដថា សៀវភៅនេះបានលើកកម្ពស់វប្បធម៌ នៃការសន្សំរបស់ប្រជាជនកម្ពុជា ចាប់ផ្ដើមពីវ័យកុមារឡើងទៅ ក្នុងនោះក៏បានចូលរួមចំណែកសម្រេចបានយុទ្ធសាស្រ្ដជាតិ ស្ដីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ទៀតផង។ សៀវភៅ «ខ្ញុំចង់ដឹង-ស្វែងយល់ពីលុយ» រៀបចំ និងចង់ក្រងឡើងដោយគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា និងមានការគាំទ្រពីក្រុមប្រឹក្សាភិបាល របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការចូលរួមគាំទ្រពីក្រុមហ៊ុន វីសា (Visa) ផងដែរ។
លោក សុខ ចាន់ បានបន្ថែមថា ចំពោះសៀវភៅ «ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ» មានការរចនាឡើង តម្រូវសម្រាប់កុមារ និងសិស្សានុសិស្ស មានអាយុក្រោម១៧ឆ្នាំ ក្នុងសៀវភាពមានបង្ហាញនូវរូបគំនូរ និងអមជាមួយខ្លឹមសារអត្ថបទខ្លីៗ ងាយស្រួលអាន ងាយស្រួលយល់ និងងាយស្រួលមើលសម្រាប់កុមារ ក្រៅពីនោះក្នុងសៀវភៅក៏មានរូបភាពពិត ដែលបង្ហាញពីសកម្មភាពជាក់ស្ដែងផងដែរ។
លោកបានបន្ដថា ចំពោះមាតិការសំខាន់ៗក្នុងសៀវភៅ «ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ» រួមមាន៖ តើលុយមានតាំងពីពេលណា?, ប្រទេសផ្សេងគ្នា លុយផ្សេងគ្នា, ដំណើរដ៏វែងឆ្ងាយរបស់លុយ, ចរាចរណ៍លុយ, ចំណាយលើអ្វីមុនគ?, ចាយលុយតាមសម័យកាល, គ្រប់គ្រងចំណាយដោយវិធីណា? អ្វីជាការសន្សំលុយ, តើត្រូវសន្សំលុយដោយរបៀបណា?, ពេលណាត្រូវសន្សំ តើត្រូវសន្សំលុយនៅកន្លែងណា?, តើអ្វីទៅជាប័ណ្ណធនាគារ?, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា សារមន្ទីរព្រះស្រីឦសានវរ្ម័ន, សាកល្បងរកចម្លើយ និងពន្យល់ពាក្យ ទាំងនេះជាមាតិការសំខាន់ៗនៃសៀវភៅ។
លោកបានបន្ដថា ការបោះពុម្ពសៀវភៅ «ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ» នេះឡើង បន្ទាប់ពីសង្កេតឃើញថា បច្ចុប្បន្នមិនសូវមានសៀវភៅផ្តោតខ្លាំង លើចំណេះដឹងហិរញ្ញវត្ថុនោះទេ ទោះបីជាមានក៏ មានក្នុងកម្រិតតិចតួច និងសម្រាប់មនុស្សធំមិនសូវមាន ហើយចំពោះកុមារក៏មិនមានឡើយ ដោយសារមានចំណុចខ្វះខាតខាងលើនេះ ទើបគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានសម្រេចបោះពុម្ពសៀវភៅនេះឡើង។
លោក សុខ ចាន់ បន្ថែមថា សៀវភៅ «ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ» នឹងចែកចាយតាមគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ដែលមានសមាជិកទាំង៧៥ ព្រមទាំងបានផ្ដល់ជូនសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន, ជូនដល់ធនាគារជាតិនៃកម្ពុជា និងដៃគូសមាគមពាក់ព័ន្ធ ព្រមទាំងបានដាក់លក់លើទីផ្សារផងដែរ។
លោកបានបញ្ជាក់ថា «ក្នុងសៀវភៅស្វែងយល់ពីលុយ នឹងមានបណ្ដុះបណ្ដាល ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព ជាទូទៅកុមារចេះដឹង និងស្គាល់លុយ នៅចន្លោះអាយុ៨ឆ្នាំឡើងទៅ ដូច្នេះហើយទើបការចងក្រងសៀវភៅនេះ បានផ្ដោតសំខាន់លើកុមារ ដោយឲ្យពួកគាត់យល់ដឹងពីលុយ និងចេះគ្រប់គ្រងហិរញ្ញវត្ថុ ការសន្សំ និងការចំណាយជាដើម»។
លោកបានបញ្ជាក់ថា អ្វីដែលពិសេសទៀតនោះសៀវភៅ «ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ» បានបណ្ដុះគំនិតដល់សិស្សានុសិស្ស និងកុមារទាំងអស់ ឲ្យបានយល់អំពីការប្រើប្រាស់លុយ ពិសេសការប្រើប្រាស់ប្រាក់រៀល អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលជាដើម។
លោក សុខ ចាន់ បានថ្លែងទៀតថា នៅថ្ងៃខាងមុខសមាគមធនាគារនៅកម្ពុជា នឹងបន្ដបោះពុម្ពផ្សព្វផ្សាយសៀវភៅថ្មីៗ ពិសេសសៀវភៅ ស្ដីពីចំណេះដឹងហិរញ្ញវត្ថុនេះ ផ្ដល់ជូនដល់កុមារនៅតាមជនបទ និងទីក្រុង។ ក្នុងនោះសូមលើកទឹកចិត្តដល់សមាជិក ចូលរួមបោះពុម្ព និងចែកចាយសៀវភៅទៅកាន់ដៃគូ និងអតិថិជនរបស់ខ្លួន ហើយសមាគមនៅតែបន្ដផ្សព្វផ្សាយ ព្រមទាំងផលិតនូវសំភារៈផ្សព្វផ្សាយនានា ស្ដីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ ព្រមទាំងការផលិតវីដអូជាដើម៕