(តូក្យូ)៖ ការនាំចូលរបស់ប្រទេសជប៉ុនបានកើនឡើងដល់ខ្ពស់បំផុតថ្មីមួយនៅក្នុងខែកក្កដា ដែលត្រូវបានជំរុញដោយអតិផរណាប្រេងឥន្ធនៈពិភពលោក និងការធ្លាក់ចុះប្រាក់យ៉េន ដែលដាក់បន្ទុកលើការនាំចេញ និងធ្វើឱ្យឱនភាពពាណិជ្ជកម្មកាន់តែរីកធំឡើង ដែលជាសញ្ញាបង្ហាញពីការធ្លាក់ចុះពាណិជ្ជកម្មបន្ថែមទៀតសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទិន្នន័យពាណិជ្ជកម្មនេះត្រូវបានចេញផ្សាយបន្ទាប់ពីមានការចេញផ្សាយសន្ទស្សន៍អាជីវកម្ម Reuters Tankan ដែលបង្ហាញពីភាពប្រសើរឡើងនៃអារម្មណ៍អាជីវកម្មនៅប្រទេសជប៉ុននៅក្នុងខែសីហា ខណៈដែលសន្ទស្សន៍ការចំណាយមូលធនសាជីវកម្មដ៏សំខាន់មួយបានស្ទុះងើបឡើងវិញនៅក្នុងខែមិថុនាពីការធ្លាក់ចុះកាលពីខែឧសភា។

បើទោះបីជាទិន្នន័យចម្រុះផ្តល់ភស្តុតាងមួយចំនួនបង្ហាញពីស្ទុះងើបឡើងវិញក៍ដោយ ក៏អ្នកបង្កើតគោលនយោបាយទំនងជានៅតែអំពាវនាវឱ្យមានវិធាការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ខណៈដែលសេដ្ឋកិច្ចធំទីបីរបស់ពិភពលោកមួយនេះកំពុងតស៊ូជម្នះនឹងផលវិបាកដែលបង្កឡើងដោយជំងឺរាតត្បាត និងខណៈដែលចក្ខុវិស័យសកលធ្លាក់ចុះ។

លោក Takeshi Minami ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Norinchukin ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ការនាំចេញទំនងជានឹងធ្លាក់ចុះនៅពេលខាងមុខ ដោយសារការរឹតបន្តឹងជាសកលនៃគោលនយោបាយរូបិយវត្ថុ ដែលអាចបង្អាក់

ចំណង់វិនិយោគរបស់សាជីវកម្ម»។

 

លោកមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចដែលដឹកនាំដោយការនាំចេញរបស់ប្រទេសជប៉ុន នឹងបាត់បង់សន្ទុះនៅក្នុងឆ្នាំនេះនិងដើមឆ្នាំក្រោយក្នុងគ្រាដែលមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក»។

ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញនៅថ្ងៃពុធ ការនាំចេញបានកើនឡើង ១៩ភាគរយក្នុងខែកក្កដាធៀបរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាកំណើនរយៈពេល ១៧ ខែជាប់គ្នាដែលនាំមុខដោយការនាំចេញរថយន្តទៅកាន់សហរដ្ឋអាមេរិក និងការនាំចេញផលិតផលពាក់ព័ន្ធនឹងបន្ទះឈីបទៅកាន់ប្រទេសចិន។ កំណើននេះខ្ពស់ជាងការព្យាករដែលថាមឹនត្រឹមតែ ១៨,២ភាគរយ។

ការនាំចូលបានកើនឡើង ៤៧,២ភាគរយនៅក្នុងខែកក្កដា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់កម្រិតខ្ពស់បំផុតមិនធ្លាក់មាន ១០,២ទ្រីលានយ៉េន (៧៦,០៦ប៊ីលានដុល្លារ) ដែលជំរុញដោយតម្លៃប្រេងឆៅ ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ។ កំណើននេះមានកម្រិតខ្ពស់ជាងការព្យាករដែលថាមានត្រឹមតែ ៤៥,៧ភាគរយ និងមានកម្រិតខ្ពស់ជាងឆ្ងាយពីការនាំចេញ ដែលនាំឱ្យមានឱនភាពពាណិជ្ជកម្មរហូតដល់ ១,៤៣៦៨ទ្រីលានយ៉េនក្នុងខែកក្កដា។

ទិន្នន័យក៏បានបង្ហាញផងដែរ ការធ្លាក់ចុះថ្លៃប្រាក់យ៉េន ២៣,១ភាករយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បានបង្កឱ្យការចំណាយលើការនាំចូលកាន់តែខ្ពស់ជាងមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕