(ភ្នំពេញ)៖ មន្រ្តី វិស័យឯកជន និងសហគមន៍ប្រមូលផលទឹកឃ្មុំព្រៃរំពឹងថា ទីផ្សារទឹកឃ្មុំព្រៃនឹងកាន់តែទូលំទូលាយជាងមុន បន្ទាប់ពីបានទទួលនូវវិញ្ញាបនបត្រ ដែលអនុលោមតាមស្តង់ដារគុណភាព និងអនាម័យ ដែលជំរុញឱ្យផលិតផលនេះ អាចប្រកួតប្រជែងជាមួយទឹកឃ្មុំនាំចូលបាន ខណៈបច្ចុប្បន្នទឹកឃ្មុំនាំចូលកំពុងចរាចរច្រើន នៅក្នុងទីផ្សារកម្ពុជា។
ថ្លែងនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់គុណភាពទឹកឃ្មុំព្រៃ នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២នេះ លោក ផា ពេជ្រ មន្រ្តីសម្របសម្រួលថ្នាក់មូលដ្ឋាននៃក្រុមហ៊ុនព្រៃធម្មជាតិ (Nature Wild) បានឱ្យដឹងថា ការផ្តល់វិញ្ញាបនបត្របញ្ជាក់គុណភាពទឹកឃ្មុំព្រៃ ដល់សហគមន៍ចំនួនបី រួមមាន សហគមន៍ភូមិដីឈើក្រហម ស្ថិតក្នុងខេត្តព្រះវិហារ សហគមន៍ក្រឡាពាស ស្ថិតក្នុងខេត្តស្ទឹងត្រែង និងសហគមន៍រៀនតាសែង ស្ថិតក្នុងខេត្តក្រចេះ បន្ទាប់ពួកគាត់បានចូលរួមអនុវត្តស្តង់ដារគុណភាពបានល្អ ក្នុងការប្រមូលផលទឹកឃ្មុំព្រៃ ចាប់ពីតាំងការយកឃ្មុំលើបង្គង ការយកទឹក និងការវេចខ្ចប់ តាមសៀវភៅបន្ទុក ក្រោយការវាយតម្លៃរបស់អ្នកជំនាញ។
លោកបន្តថា វិញ្ញាបនបត្រនេះនឹងជួយពង្រីកទីផ្សារទឹកឃ្មុំព្រៃបន្ថែម តាមរយៈការផ្តល់នូវទំនុកចិត្តរបស់អតិថិជន និងជំរុញការប្រកួតប្រជែងនៅលើទីផ្សារ ជាពិសេសជាមួយផលិតផលទឹកឃ្មុំនាំចូល ខណៈលោកសង្កេតឃើញទឹកឃ្មុំ ដែលនាំចូលពីក្រៅប្រទេស បានចាប់ផ្តើនកើនឡើងច្រើន ដែលជាបញ្ហាប្រឈមមួយរបស់សហគមន៍ក្នុងការប្រកួតប្រជែង ដោយសារតែទឹកឃ្មុំទាំងនោះមានតម្លៃទាបជាង។
លោកបន្តថា «តាមរយៈការផ្តល់វិញ្ញាបនបត្រនេះ នឹងជួយពង្រីកទីផ្សារកាន់តែធំទូលាយឱ្យពួកគាត់ និងធ្វើឱ្យសាធារណជនកាន់តែស្គាល់ពីទឹកឃ្មុំព្រៃ ព្រោះមនុស្សមួយចំនួនមិនស្គាល់ទឹកឃ្មុំព្រៃប៉ុន្មានទេ គិតថាទឹកឃ្មុំមិនសុទ្ធ ប៉ុន្តែវាមានលក្ខណៈបច្ចេកទេសផ្សេងៗគ្នា។ បើនិយាយពីទឹកឃ្មុំព្រៃ វាជួយយើងច្រើន ជួយដល់សុខភាពរបស់យើង»។
លោកបានឱ្យដឹងទៀតថា មកទល់ពេលនេះ សហគមន៍ចំនួន៦ហើយ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពនេះ។ លក្ខខណ្ឌដែលអាចទទួលបានវិញ្ញាបនបត្រនេះ គឺប្រជាសហគមន៍ត្រូវប្រមូលផលតែពី៧០ ទៅ៨០%នៃឃ្មុំមួយបង្គង ឬមួយក្បាលទឹក ដោយទុក២០% ដើម្បីឱ្យឃ្មុំកកើតឡើងវិញ ហើយមុនពេលទៅយកពួកគាត់ ត្រូវសម្អាតសម្ភារដែលត្រូវយក ដូចជាធុងជាដើម និងអ្វីដែលសំខាន់ គឺត្រូវប្រើប្រាស់តែផ្សែងប៉ុណ្ណោះក្នុងការយក ចំណែកការច្រោះយកទឹក គឺកាត់ជាដុំៗ ដើម្បីឱ្យទឹកឃ្មុំស្រក់មកតាមដំណើរ ដោយមិនប្រើដៃទៅពូតឡើយ។
លោក ពត រិទ្ធី ប្រធានការិយាល័យប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា បើទោះបីជា វិញ្ញាបនបត្រនេះទទួលស្គាលត្រឹមកម្រិតវិស័យឯកជន និងសហគមន៍ក៏ដោយ តែយ៉ាងណាតាមរយៈវិញ្ញាបនបត្រនេះនឹងបញ្ជាក់ថា ក្រុមសហគមន៍បានប្រមូលផលទឹកឃ្មុំប្រកបដោយសុវត្ថិភាព និងមានគុណភាព គោរពតាមស្តង់ដារអនាម័យ ដែលធ្វើឱ្យផលិតផលទឹកឃ្មុំធម្មជាតិនេះ អាចឈានជើងចូលទីផ្សារកាន់តែធំទូលាយជាង និងអាចទទួលបានទំនុកចិត្តពីអតិថិជន ដែលធ្វើឱ្យពួកគេ អាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន បើទោះបីជាមានតម្លៃថ្លៃជាងបន្តិចក៏ដោយ។
លោកលើកឡើងទៀតថា «ផលិតផលទឹកឃ្មុំនៅក្នុងស្រុកខ្មែរ គឺមានច្រើនដែលកំពុងចរាចរណ៍ ក៏ប៉ុន្តែថ្ងៃនេះយើងបានដឹងថា ផលិតផលរបស់ឃ្មុំព្រៃ គឺគាត់មានផ្លាកសញ្ញាបញ្ជាក់វិញ្ញាបនបត្រ ដែលផ្តោតទៅលើសុវត្ថិភាព ក្នុងការប្រមូលផលទឹកឃ្មុំរបស់គាត់ ដែលជាផ្នែកមួយក្នុងការជំរុញផលិតរបស់គាត់ ចូលទៅក្នុងទីផ្សារបានទូលំទូលាយ ជាងផលិតផលដទៃទៀត»។
លោកជំរុញឱ្យសហគមន៍ និងក្រុមហ៊ុនអនុវត្តប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដូចជាប្រព័ន្ធ GNP ប្រព័ន្ធអនុវត្តផលិតកម្មល្អ និងប្រព័ន្ធ HACCP ដែលជាប្រព័ន្ធបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ ដើម្បីទទួលបានទំនុកចិត្តកាន់តែខ្ពស់។
អ្នកស្រី ស្រេង ឈុនលាង មកពីសហគមន៍ភូមិក្រឡាពាស ខេត្តស្ទឹងត្រែង ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព បានលើកឡើងថា មូលហេតុដែលសហគមន៍ អ្នកស្រីទទួលបានវិញ្ញាបនបត្រនេះ ដោយសារតែប្រជាសហសហគមន៍បានអនុវត្តទៅតាមស្តង់ដារគុណភាព គោរពទៅតាមលក្ខខណ្ឌ និងវេចខ្ចប់ប្រកបដោយអនាម័យ។
អ្នកស្រីរំពឹងថា ទីផ្សារទឹកឃ្មុំព្រៃពីសហគមន៍អ្នកស្រីនឹងកាន់តែធំជាងមុន។ សម្រាប់ទីផ្សារទឹកឃ្មុំ នៅក្នុងសហគមន៍ក្រឡាពាស ក្នុងឆ្នាំ២០២២នេះ ល្អជាងឆ្នាំមុន ដោយគិតត្រឹមខែសីហានេះ លក់បានប្រមាណជាង៣០០លីត្រ កើនឡើងលើសឆ្នាំមុន ស្របពេលដែលសហគមន៍ចាប់ផ្តើមផ្សព្វផ្សាយ និងលក់តាមបណ្តាញសង្គមហ្វេសប៊ុក។
បើតាមក្រុមហ៊ុនព្រៃធម្មជាតិ បច្ចុប្បន្ននេះសហគមន៍កសិករដែលកំពុងប្រមូលផលទឹកព្រៃមានចំនួន២៥ និងមានសមាជិកជាង៦០០នាក់។ ទឹកឃ្មុំព្រៃដែលអាចប្រមូលផលបាន ភាគច្រើនស្ថិតនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងនៅកោះកុង៕