(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២នេះ ការជួញដូរភាគហ៊ុនមានជិត៥០ម៉ឺនភាគហ៊ុន និងមានតម្លៃ ១.២៨លានដុល្លារក្នុងមួយថ្ងៃ តួលេខនេះបានកំពុងបង្ហាញពីការវិវឌ្ឍន៍ជាវិជ្ជមាននៃទីផ្សារមូលបត្រកម្ពុជា។ នេះបើតាមលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។
ការឲ្យដឹងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីនិយ័តករមូលបត្រកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិន ក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងនោះក៏មានការចូលរួមពីលោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី។
លោក ស៊ូ សុជាតិ បានថ្លែងថា «ការជួញដូរភាគហ៊ុនក្នុងត្រីមាសទី២ ឆ្នាំ២០២២ មានបរិមាណជាមធ្យម ៤៩៤ ៩៨៨ភាគហ៊ុន ក្នុងតម្លៃជាមធ្យមប្រហែល ១.២៨ លានដុល្លារអាមេរិកក្នុងមួយថ្ងៃទាំងនេះ បង្ហាញពីទីផ្សារមូលបត្រកំពុងវិវឌ្ឍន៍ ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយទីផ្សាររបស់យើងមានប្រព័ន្ធទ្រទ្រង់ ឬសរសរស្ដម្ភគ្រប់គ្រាន់វិនិយោគិន, ក្រុមហ៊ុនបោះផ្សាយ, អន្តរការីទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងទទួលបានការគាំទ្រ ការចូលរួមយ៉ាងពេញទំហឹង ពីភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យនេះ»។
លោក ស៊ូ សុជាតិ បានបន្ដថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមានក្រុមហ៊ុនចំនួន ៧បានចុះបញ្ជីលក់មូលបត្របំណុល លើផ្សារមូលបត្រកម្ពុជា ខណៈដែលក្រុមហ៊ុនមួយចំនួនទៀត បាននឹងកំពុងរៀបចំដំណើរការ នៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ។
លោកបានបញ្ជាក់ថា «គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា បានផ្ដល់លេខអត្តសញ្ញាណវិនិយោគិនសរុប ៣២ ៣៧៤ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមាន ៩៩.៥២ភាគរយ និងវិនិយោគិនសញ្ជាតិខ្មែរមាន៨៦.១២ភាគរយ។ ចំណែកទំហំមូលធនូបនីយកម្មទីផ្សារសរុប នៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល ១.៨៦ប៊ីលានដុល្លារអាមេរិក»។
លោកបានបន្ថែមថា ភាពជោគជ័យទាំងនេះក៏មានការចូលរួមពីធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ ចាប់តាំងពីដំណាក់កាលដំបូង នៃការចាប់ផ្តើមទីផ្សារមូលបត្រ ក្នុងនោះធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលការទទួលស្គាល់ ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ ភ្នាក់ងារបញ្ចិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ និងពេលនេះជាភ្នាក់ងាររក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ។
លោកបានបន្ដថា និយ័តករមូលបត្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមសហការជាមួយលោកបណ្ឌិត
អ៉ិន ចាន់នី រៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី ការជំរុញការជួញដូរមូលបត្រ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធ នឹងទីផ្សារមូលបត្រនៅកម្ពុជា សម្រាប់គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ អេស៊ីលីដា ភីអិលស៊ី។
លោកបន្ថែមថា សូមវាយតម្លៃខ្ពស់ចំពោះ លោកប្រធាននាយកប្រតិបត្តិ ដែលយកចិត្តទុកដាក់យ៉ាងខ្ពស់ដល់បុគ្គលិក និយោជិត តាមរយៈការផ្តល់ការបណ្តុះបណ្តាល កសាងសមត្ថភាព និងការលើកកម្ពស់ផ្នែកចំណេះដឹងនានា ដែលអ្វីៗទាំងអស់សុទ្ធតែជាការវិនិយោគ ហើយការរៀបចំកម្មវិធីនេះ ក៏ជាការវិនិយោគមួយ ពោលគឺការវិនិយោគលើពេលវេលា ដែលផលទទួលបានវិញ គឺចំណេះដឹង ដើម្បីជាគ្រឹះការងារ។
លោកបណ្ឌិត អ៉ិន ចាន់នី បានថ្លែងថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើន ប្រកបដោយនិរន្តរភាព ដោយសារធនាគារមានធនធានមនុស្ស ប្រកបដោយចំណេះដឹង ជំនាញ មានទំនួលខុសត្រូវខ្ពស់ អនុវត្តការងារតាមផែនការដែលបានគ្រោងទុក ស្របតាមច្បាប់ បទប្បញ្ញត្តិ គោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនិន្នាការបច្ចេកវិទ្យា និងតម្រូវការការងារប្រចាំថ្ងៃ។
លោកបណ្ឌិតបានបន្ដថា «សម្រាប់វគ្គបណ្តុះបណ្តាលវិនិយោគិន ក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ពិតជាមានសារៈសំខាន់ នឹងធ្វើឲ្យយើងទាំងអស់គ្នាជាសិក្ខាកាម យល់ដឹងកាន់តែច្បាស់ ពីការវិនិយោគលើវិស័យមូលបត្រ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ ការកសាងមូលដ្ឋានគ្រឹះវិនិយោគិន ការវិភាគទៅលើក្រុមហ៊ុនបោះផ្សាយ សម្រាប់ជាមូលដ្ឋានចំណេះដឹងបំពេញបន្ថែម ដើម្បីសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ ពិសេសវិស័យមូលបត្ររបស់ធនាគារ អេស៊ីលីដា»។
លោកបណ្ឌិតបន្ថែមថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈរបាយការណ៍បានបោះផ្សាយជាសាធារណៈថ្មីៗនេះ ធនាគារសម្រេចបានលទ្ធផលល្អប្រសើរនៅពាក់កណ្តាលឆ្នាំនេះ ដែលបង្ហាញពីការលូតលាស់ប្រកបដោយចីរភាព៕