(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៧ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករមានចំនួន ៨ ៩៥០.៨៩ ប៊ីលានរៀល (ប្រមាណជា ២ ២១០.១០ លានដុល្លារ) ស្មើនឹង ៧៨.៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៩៨៩.៧៤ ប៊ីលានរៀល (ប្រមាណជា ៤៩១.២៩ លានដុល្លារ) ស្មើនឹង ២៨.៦២%។
ការបញ្ជាក់របស់លោក គង់ វិបុល ធ្វើឡើងក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។
ទោះបីជាមានហានិភ័យ ដែលបណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា យ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយៈពេល ៧ខែ ឆ្នាំ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកា សម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
លោកបន្តថា ស្ថានភាពនៃការបន្តរក្សាកំណើនចំណូលនេះ គឺសម្រេចបានអាស្រ័យដោយការបន្តខិតខំប្រឹងប្រែងកៀរគរចំណូល ពីប្រភពនានា និងបិទខ្ទប់នូវការលេចធ្លាយចំណូលនានា តាមរយៈការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំ អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filing App, និងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា ដោយមានសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ ព្រមទាំងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា (E-Tax Service) ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមក្នុងការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានាតាមប្រព័ន្ធអនឡាញ។
សមិទ្ធផលការងារថ្មីសំខាន់ៗ សម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ៖
* បានចាប់ផ្តើម និងកំពុងអនុវត្តការអង្កេតសហគ្រាស លើភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ដោយក្នុងនោះបានបញ្ចប់ការអង្កេតសហគ្រាសសរុបចំនួន ៧៨៤ សហគ្រាស នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ព្រមទាំងផ្តល់សេវាចុះបញ្ជីពន្ធដារដល់ទីតាំងជូនអ្នកជាប់ពន្ធ
* បាន និងកំពុងពង្រឹងការអនុវត្តការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter) ដើម្បីពង្រឹងតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពគ្នា
* បាននិងកំពុងបន្តបោះពុម្ពនិងប្រគល់វិក្កយបត្រពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ដោយប្រគល់វិក្កយបត្រជូនអ្នកជាប់ពន្ធជាម្ចាស់អចលនទ្រព្យដល់គេហដ្ឋាន ដើម្បីងាយស្រួលក្នុងការបង់ប្រាក់ពន្ធ
* បានបន្តពង្រឹងនិងចាត់វិធានការច្បាប់ចំពោះករណីបទល្មើសគេចវេះពន្ធដែលមានការរៀបចំជាប្រព័ន្ធ និងការកិបកេងបន្លំពន្ធដែលមានទឹកប្រាក់ពន្ធចំនួនច្រើន ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាអាទិ៍ ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ អង្គភាពស៊ើបការហិរញ្ញវត្ថុ ក្នុងគោលដៅលើកកម្ពស់និងពង្រឹងអនុលោមភាពសារពើពន្ធ
* បានផ្តល់សេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា (E-Tax Service) ដោះស្រាយរាល់បញ្ហាប្រឈមក្នុងការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានាតាមប្រព័ន្ធអនឡាញ ក្នុងខែកក្កដា ឆ្នាំ២០២២ ចំនួន ២ ៣០៧ ករណី និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២២ សរុបចំនួន ១៦ ៣៦៦ ករណី
* បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធសរុបក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ មាន ៦០ ៦០២ ករណី ក្នុងនោះតាមរយៈទូរស័ព្ទ (Call Center 1277) ចំនួន ៣៧ ៣៨០ ករណី, GDT Live Chat ចំនួន ១៩ ១១៧ ករណី, បណ្តាញសង្គម Facebook ចំនួន ២ ៥៥៣ ករណី, កម្មវិធីពន្ធដារកម្ពុជាចំនួន ២៨ លើក, កម្មវិធីរៀនអំពីពន្ធដារតាមអនឡាញចំនួន ២៦ លើក និងការផ្សព្វផ្សាយតាម GDT News Channel ចំនួន ១ ៤៩៨ ករណី
* បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវកម្មវិធី វិក្កយបត្រនាំសំណាង ដោយទទួលបានការចូលរួមពីអ្នកជាប់ពន្ធ និង សាធារណជនទូទៅ ហើយបានបញ្ជូនទៅអង្គភាពពន្ធដារពាក់ព័ន្ធដើម្បីតាមដាននិងចាត់វិធានការចាំបាច់នានា។
សម្រាប់ឆ្នាំ២០២២ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ចំនួន ១១ ៤១៩,១៣ ប៊ីលានរៀល (ប្រមាណ ២ ៨១៩,៥៤ លានដុល្លារ) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្ត នូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលរួមមានវិធានការសំខាន់ៗដូចខាងក្រោម៖
* បន្តអនុវត្តការអង្កេតសហគ្រាស លើភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជរាធានីភ្នំពេញ ព្រមទាំងផ្តល់សេវាចុះបញ្ជីពន្ធដារដល់ទីតាំងជូនអ្នកជាប់ពន្ធ
* បន្តពង្រឹងការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម ក៏ប៉ុន្តែចាត់វិធានការទប់ស្កាត់ឱ្យបានជាអតិបរមានូវការឈរឈ្មោះជំនួស ការគេចវេះនិងបន្លំពន្ធគ្រប់រូបភាព
* បន្តពង្រឹង និងតាមដានការបំពេញកាតព្វកិច្ចសារពើពន្ធ រាល់សហគ្រាសដែលបានចុះបញ្ជីពន្ធដារជោគជ័យ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងក្នុងគោលដៅកាត់បន្ថយហានិភ័យពាក់ព័ន្ធនានា
* ពង្រឹងការធ្វើសវនកម្មលើសហគ្រាសស្នើសុំបិទសកម្មភាពអាជីវកម្មជាស្ថាពរ និងតាមដានសហគ្រាសដែលទទួលបានការអនុញ្ញាតឱ្យបិទសកម្មភាពអាជីវកម្មជាស្ថាពរ ក៏ប៉ុន្តែនៅបន្តមានសកម្មភាពអាជីវកម្មរហូតដល់បច្ចុប្បន្ន
* បន្តពង្រឹងការងារគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (VAT) ដោយបន្តយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ (Cross check) និងពិនិត្យបន្ថែមលើឥណទានអាករលើធាតុចូល និងវិក្កយបត្រសម្រាប់បង្វិលសងអាករលើតម្លៃបន្ថែម
* ពង្រឹងការងារគ្រប់គ្រងនិងតាមដានលើការលិខិតប្រកាសពន្ធរបស់សហគ្រាស ដោយមានវិធានកាចំពោះសហគ្រាសដែលមិនដាក់លិខិតប្រកាស
* ត្រៀមរៀបចំវិបស្សនាពន្ធដារ (Tax Retreat) ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ២០១៩-២០២៣ របស់យុទ្ធសាស្ត្រកៀរគរចំណូល និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ
* បន្តផ្សព្វផ្សាយនិងពង្រឹងការអនុវត្តវិធានវិក្កយបត្រ ក្នុងចំណោមអ្នកជាប់ពន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករនានា
* បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវកម្មវិធី វិក្កយបត្រនាំសំណាង ក្នុងគោលដៅពង្រឹងការអនុវត្តវិធានវិក្កយបត្រ ក្នុងចំណោមអ្នកជាប់ពន្ធ តាមរយៈការចូលរួមរបស់សាធារណជនទូទៅ
* បន្តពង្រឹងការផ្តល់សេវាពន្ធអចលនទ្រព្យជូនសាធារណជន ដោយបង្កភាពងាយស្រួលតាមរយៈការរៀបចំវិក្កយបត្រពន្ធអចលនទ្រព្យសម្រាប់អចលនទ្រព្យនីមួយៗ
* បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬបិទជាស្ថាពរ ហើយស្នើសុំបើកដំណើរការឡើងវិញ ដោយមានវិធានការចុះពិនិត្យដល់ទីតាំងសហគ្រាសផ្ទាល់ តាមដានលើការដាក់លិខិតប្រកាស និងពង្រឹងការធ្វើសវនកម្មលើលិខិតស្នាម
* បន្តពង្រឹងការកត់ត្រាបំណុលពន្ធ អនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗដែលមានសក្តានុពលដោយកំណត់ជាបំណុលអាទិភាព
* បន្តរៀបចំវិធានការបំពាក់ GPS និង RFID លើរថយន្តដឹកជញូន ក្នុងគោលដៅគ្រប់គ្រងទិន្នន័យក្នុងការប្រកាសពន្ធ និងពង្រឹងក៏ដូចជាសម្រួលការផ្តល់សេវាជូនអ្នកជាប់ពន្ធ
* បន្តពង្រឹងការផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបន្តពង្រឹងការផ្តល់សេវា ជូនអ្នកជាប់ពន្ធ តាមរយៈការរៀបចំកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ (Tax Education) កិច្ចប្រជុំ សិក្ខាសាលា វិបស្សនា គេហទំព័រ ទំព័រទំនាក់ទំនងសង្គម និងការផ្សាយផ្ទាល់តាមអនទ្បាញ ជាពិសេសការរៀបចំកម្មវិធី «ពន្ធដារកម្ពុជា» ដោយមានការជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់តាមប្រព័ន្ធបណ្ដាញសង្គម GDT Facebook Live, សេវាឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម
* ពង្រឹងការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍
* បន្តអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុងសារាចរណែនាំស្តីពី ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ ២០២២ និងបន្តអនុវត្តដោយការយកចិត្តទុកដាក់ នូវយុទ្ធសាស្រ្តកៀគរចំណូល ឆ្នាំ២០១៩-២០២៣៕