(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយធនាគារប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងការផ្តល់ឥណទាន ដល់កសិករ សហគមន៍កសិកម្ម ដើម្បីលើកស្ទួយវិស័យកសិកម្ម ដែលជាវិស័យជន្ទល់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍនទជនបទ និងកសិកម្ម និងមានការអញ្ជើញចូលពីលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា លោក Yannick Nicolas MILEV ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងលោក គា បូរាណ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ។
ក្រោមគម្រោងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ឥណទានបោះដុំជូនគ្រឹះស្ថានហិរញ្ញវត្ថុទាំងបីខាងលើ ដើម្បីផ្តល់ឥណទានបន្តដល់អ្នកទទួលផលក្នុងគម្រោងដូចជា កសិករខ្នាតតូច កសិធុរកិច្ចខ្នាតតូច និងមធ្យម, សហគមន៍កសិកម្ម និងក្រុមអ្នកផលិត សម្រាប់កសិផលទាំងអស់លើកលែងតែស្រូវ។
គម្រោងនេះមានគម្រោងមានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្រដល់ខ្សែច្រវាក់តម្លៃពិពិធកម្មវិស័យកសិកម្ម នៅរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន១២ រួមមានខេត្តបាត់ដំបង, មណ្ឌលគិរី, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, សៀមរាប, កណ្តាល, កំពង់ស្ពឺ និងកំពង់ឆ្នាំង។
លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រាប់អ្នកសារព័ត៌មានថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា មានទុនប្រមាណ៣០លានដុល្លារអាមេរិក ដោយទទួលបានហិរញ្ញប្បទាន ពីធនាគារពិភពលោកក្នុងការ អនុវត្តផ្តោតលើវិស័យកសិកម្ម លើកលែងតែស្រូវ រយៈពេល៥ឆ្នាំ ។
លោកបានគូសបញ្ជាក់បន្ថែមថា «គម្រោងនេះមានទុន៣០លានដុល្លារអាមេរិក ហើយយើងបានសហការផ្តល់ទៅដល់ដៃគូរបស់យើងចំនួនបី ដែលបានព្រមព្រៀងគ្នានៅថ្ងៃនេះ រួមមាន ធនាគារប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ដោយលោកជាអ្នកអនុវត្តគម្រោងដោយផ្ទាល់ជាមួយនឹងអតិថិជន ហើយ ធនាគារអភិវឌ្ឍនទជនបទ និងកសិកម្ម ក្នុងនាមជាអ្នកបោះដុំជូនគ្រឹះស្ថានហិរញ្ញវត្ថុទាំងបីខាងលើ ដើម្បីឱ្យពួកគាត់ធ្វើការងារនេះផ្ទាល់តែម្តង»។
លោបន្តថា សម្រាប់ឥណទានបោះដុំ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំង៣ ក្នុងអត្រាការប្រាក់៥%ក្នុងមួយឆ្នាំដោយគ្មានកម្រៃសេវា តែចំពោះអត្រាការប្រាក់ ដែលស្ថាប័នទាំងបីផ្តល់ជូនអតិថិជន គឺអាស្រ័យទៅលើការកំណត់តាមគោលការណ៍របស់ស្ថាប័ននីមួយៗ។ តែយ៉ាងណាលោកសង្ឃឹមថា ស្ថាប័នដែលចូលរួមអនុវត្តទាំងបី នឹងផ្តល់អត្រាការប្រាក់សមរម្យមួយ ព្រោះនេះជាគម្រោងមួយរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា៕