(ថៃ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ បានស្វាគមន៍ផែនការបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា ដែលផ្តួចផ្តើមដោយសាជីវកម្ម SNC Former Public Company Ltd ដោយសារគម្រោងនេះ អាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។
ការស្វាគមន៍របស់លោកឯកអគ្គរាជទូត បានធ្វើឡើងនាឱកាសដឹកនាំមន្ត្រីការទូតចុះបំពេញទស្សនកិច្ចសិក្សាខ្សែរចង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុនខាងលើ ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកបណ្ឌិត Somchai Thaisa-nguanvorakul ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន រួមជាមួយសហការី។
បើតាមលោក អ៊ូក សោភ័ណ គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និងមានសក្តានុពលធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
លោកបណ្ឌិត Somchai Thaisa-nguanvorakul បានគូសបញ្ជាក់ថា ក្រុមហ៊ុនធ្លាប់បានសិក្សាលើវិស័យជាច្រើននៅកម្ពុជា រាប់តាំងពីការគ្រប់គ្រងកាកសំណល់ (Waste management) រហូតដល់ថាមពលកកើតឡើងវិញ (Renewable energy) ហើយឥឡូវក៏មានបំណងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាលក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយ ដើម្បីបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។
សូមជម្រាបថាសាជីវកម្ម SNC Former Public Limited Company Ltd បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន និងរថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជនដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ និងតំបន់អាស៊ី៕