(ភ្នំពេញ)៖ លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ មានគោលដៅក្នុងការ ពង្រីកចំណេះដឹងលើវិស័យពន្ធដារ ដល់សារធាណជនគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រឹងអនុលោមភាពពន្ធដារ កាត់បន្ថយការគេចវេសពន្ធ។
លោក លីម ដឺលុច បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំនៃសាលាជាតិពន្ធដារ ក្នុងឱកាសតំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អញ្ជើញជាអធិបតី រៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ពន្ធដារជំនាន់ទី១៦ និងផ្សព្វផ្សាយកម្មវិធីវិក្កយបត្រនាំសំណាង (GDT LUCKY DRAW APP) នៅសាលាជាតិពន្ធដារ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ អនឡាញ សរុបប្រមាណ ៨០០នាក់។
លោក លីម ដឺលុច បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារនេះដែរ ក៏ដើម្បីជាការធានាបាននូវភាពត្រឹមត្រូវនៃការបំពេញកាតព្វកិច្ចពន្ធ និងប្រែក្លាយ សាលាជាតិពន្ធដារទៅជាគ្រឹះស្ថានសិក្សាតែមួយគត់ ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ ដល់សិក្ខាកាមដែលមានបំណងចង់ក្លាយខ្លួនជាភ្នាក់ងារ សេវាកម្មពន្ធដារផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានចុះអនុស្សរណៈយោគយល់គ្នាលើការផ្លាស់ប្តូរក្រេឌីតសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ រវាងអគ្គនាយកដ្ឋានពន្ធដារ និងសាកលវិទ្យាល័យវេស្ទើន ដែលនេះជាការបោះជំហានដំបូង ក្នុងការពង្រីកវិសាលភាពចំណេះដឹងលើវិស័យពន្ធដារទៅកាន់សាធារណជន ហើយនឹងមានកិច្ច សហការបន្តទៀតជាសាកលវិទ្យាល័យផ្សេងៗទៀត នាពេលខាងមុខ។
បន្ថែមពីនេះលោក លីម ដឺលុច ក៏បានលើកឡើងពីការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) លើទូរស័ព្ទដៃ ដែលអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យប្រើប្រាស់នាពេលកន្លងមក ព្រមទាំងកម្មវិធីលើទូរស័ព្ទដៃនានា របស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់សាធារណជនផងដែរ។
កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានរបៀបវារៈដូចជា ការធ្វើបទបង្ហាញស្តីពីការសិក្សា តាមប្រព័ន្ធក្រេឌីតនៅសាលាជាតិពន្ធដារ បទបង្ហាញស្តីពីការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង ការសិក្សាពន្ធដារ និងចុងក្រោយបទបង្ហាញស្តីពីកម្មវិធី GDT Lucky Draw App និងកម្មវិធីឆ្លើយសំណួរយករង្វាន់ផងដែរ៕