(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូលជាង ២៥៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន២៥៧,៤៤៩,៥៩៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២៥៤,៨៣៨,៤៧៦ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន២,៦១១,១១៨ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែកក្កដា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៦១,៥៦២តោន ថយចុះចំនួន៥៥៨តោន ស្មើនឹង០.៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៧,៥២៩ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ថ្លៃ១,៥៧៧ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៩៥ដុល្លារ ក្នុងមួយតោន ស្មើនឹង៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕