(សិង្ហបុរី)៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងងើបឡើងប្រសើរវិញ ដែលក្នុងឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញក្នុងកម្រិត៥%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AMRO។
ការវាយតម្លៃបឋមនេះ ធ្វើឡើងបន្ទាប់ពីលោក Jinho Choi អនុប្រធានក្រុម AMRO និងជាសេដ្ឋវិទូជាន់ខ្ពស់មួយរូប បានមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ ការពិភាក្សាបានផ្តោតលើទស្សនវិស័យសម្រាប់ការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺរាតត្បាត និងលើកំណើនប្រកបដោយនិរន្តរភាព។
សេដ្ឋវិទូជាន់ខ្ពស់ AMRO បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងក្នុងកម្រិត៥.០% នៅឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះដល់៣.០%នៅឆ្នាំ២០២១។
លោក Hoe Ee Khor ប្រធានក្រុមសេដ្ឋវិទូជាន់ខ្ពស់នៃ AMRO បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ AMROថា «ស្របតាមយុទ្ធសាស្រ្តរស់នៅជាមួយកូវីដ១៩ របស់កម្ពុជា យើងរំពឹងថាសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តប្រសើរឡើង ដែលគាំទ្រដោយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបង្កើនភាពស៊ាំនៅក្នុងសហគមន៍កាន់តែប្រសើរឡើង។ តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ការនាំចេញរបស់កម្ពុជាជាពិសេសវិស័យកាត់ដេរ នឹងជួបបញ្ហាប្រឈម ដោយសារការនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានរំពឹងថានឹងថយចុះនៅឆមាសទី២ឆ្នាំ២០២២នេះ»។
ការធ្លាក់ចុះនៃតម្រូវការពិភពលោក ស្របពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុនៅសហរដ្ឋអាមេរិក និងអឺរ៉ុប អាចប៉ះពាល់ដល់ការនាំចេញផលិតផលផលិតកម្មរបស់កម្ពុជា ដោយសារការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ផ្តោតជាចម្បងទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
ជាមួយគ្នានេះ វិធានការរិតបន្តឹងរបស់ចិន ក៏អាចជះឥទ្ធិពលដល់ការវិនិយោគនៅកម្ពុជាផងដែរ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយសារតែភ្ញៀវចិនឈរនៅលំដាប់ទី១ដែលកម្ពុជាច្រើនជាងគេមុនពេលមានការរីករាលដាលជំងឺកូវីដ១៩។
ការកើនឡើងនៃថ្លៃផលិតផលថាមពល និងអាហារត្រូវបានគេរំពឹងថានឹងហក់ឡើងលើទំនិញផ្សេងទៀត ដោយដាក់សម្ពាធអតិផរណាកាន់តែខ្ពស់ជាងមុនដែលវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥.៩%នៅឆ្នាំ២០២២ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋក្រីក្រ។ តែទោះជាយ៉ាងណាកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានជួយមួយផ្នែកដល់ពួកគេក្នុងការចំណាយទៅលើម្ហូបអាហារ ដែលគួរឱ្យសរសើរ។
កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំឥណទានឡើងវិញ គឺគួរឱ្យសរសើរ។ ធនាគារជាតិនៃកម្ពុជាគួរតែបន្តតាមដានគុណភាពនៃប្រាក់កម្ចីដែលបានរៀបចំឡើងវិញ ជាពិសេសសម្រាប់អ្នកដែលនៅតែស្ថិតក្រោមការវាយតម្លៃ។ ជាមួយគ្នា NBC គួរតែបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់ដើម្បីជួយកាត់បន្ថយសម្ពាធអតិផរណា ក៏ដូចជាដើម្បីរក្សាទំនុកចិត្តវិនិយោគិន៕