(ប៊ែរឡាំង)៖ វិទ្យាស្ថាន Ifo ដែលបានដកស្រង់លទ្ធផលសិក្សាមួយបានឱ្យដឹងនៅថ្ងៃច័ន្ទថា ប្រទេសអាល្លឺម៉ង់នឹងប្រឈមមុខនឹងការចំណាយខ្ពស់ជិតប្រាំមួយដងនៃការចំណាយលើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ប្រសិនបើប្រទេសនេះនិងសហភាពអឺរ៉ុបកាត់ផ្តាច់ប្រទេសចិនចេញពីសេដ្ឋកិច្ចរបស់ពួកគេ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
វិទ្យាស្ថាន Ifo ដែលជាស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា វិស័យដែលខាតបាង់ធំបំផុតនៃសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិននឹងជាឧស្សាហកម្មរថយន្តដែលអាចមានការបាត់បង់តម្លៃបន្ថែម ៨,៤៧ភាគរយ ក្រុមហ៊ុនផលិតឧបករណ៍ដឹកជញ្ជូនដែលខាតបង់ ៥,១៤ភាគរយ និងវិស្វកម្មមេកានិចដែលអាចខាតបង់ ៤,៣៤ភាគរយ។
អ្នកនិពន្ធការសិក្សានេះដែលគ្រប់គ្រងដោយសមាគមឧស្សាហកម្ម vbw បាននិយាយថា ក្រុមហ៊ុននានាគួរតែងាកទៅរកប្រទេសផ្សេងទៀតដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារមួយចំនួន និងរបបផ្តាច់ការនានា។
សហអ្នកនិពន្ធលោក Florian Dorn បាននិយាយថា គោលដៅនៃគោលនយោបាយសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ និងសហភាពអឺរ៉ុបគួរតែ «បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដែលមានគំនិតដូចគ្នាដូចជាសហរដ្ឋអាមេរិក» ជាដើម។
ការវិភាគនេះបងផ្តល់ជូនសេណារីយ៉ូចំនួនប្រាំ ដែលរួមមានទាំងការកាត់ផ្តាច់សេដ្ឋកិច្ចលោកខាងលិចពីប្រទេសចិន រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។
វិទ្យាស្ថាន Ifo បានឱ្យដឹងបន្តថា បើទោះជាកិច្ចព្រមព្រៀងបែបនេះអាចទប់ទល់ឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ ក៏វានឹងមិនអាចប៉ះប៉ូវបានទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ វានឹងបណ្តាលឱ្យការចំណាយសុទ្ធនៃសង្រ្គាមពាណិជ្ជកម្មស្មើនឹងការចំណាយដែលរំពឹងទុកនៃ Brexit។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕