(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បានបញ្ជាឱ្យនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ពន្លឿនការរៀបចំការផ្គូរផ្គងអាជីវកម្មអនឡាញជាមួយក្រុមហ៊ុននាំចូលចិន និងក្រុងហុងកុង ដើម្បីជំរុញការនាំចេញផលិតផលថៃទៅកាន់ប្រទេសចិន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
វិធានការនេះបានធ្វើឡើងបន្ទាប់ពីប្រទេសចិនបានចាត់វិធានការហាមឃាត់ការនាំចូលទំនិញមួយចំនួនពីកោះតៃវ៉ាន់ក្នុងគ្រាដែលមានភាពតានតឹងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះ។
ទីប្រឹក្សាពាណិជ្ជកម្មថៃក្នុងប្រទេសចិនក៏ត្រូវបានបញ្ជាឱ្យពន្លឿនការស្ទង់មតិទៅលើប្រភេទផលិតផលដែលប្រទេសថៃអាចនាំចេញដើម្បីបំពេញតម្រូវការនៅក្នុងប្រទេសចិន និងជំនួសផលិតផលដែលតៃវ៉ាន់មិនអាចនាំចេញទៅកាន់ប្រទេសចិនបានផងដែរ ជាពិសេសផលិតផលម្ហូបអាហារ និងភេសជ្ជៈរួមមានមីកញ្ចប់ ត្រីស្រស់ អាហារសម្រន់ និងផ្លែឈើ។
កាលពីថ្ងៃពុធសប្តាហ៍មុន ប្រទេសចិនបានអនុវត្តវិធានការទប់ស្កាត់ការនាំចូលអាហាររបស់តៃវ៉ាន់ជាង ២ពាន់មុខមិនឱ្យនាំចូលទៅក្នុងប្រទេសចិន ដែលមានរាប់ចាប់ពីផលិតផលអាហារស្រស់ៗរហូតដល់អាហារកែច្នៃ ខណៈពេលដែលបញ្ឈប់ការនាំចេញខ្សាច់ទៅកាន់កោះតៃវ៉ាន់បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Jurin បាននិយាយថា៖ «ខ្ញុំបានបញ្ជាឱ្យនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិឱ្យពន្លឿនការផ្គូផ្គងពាណិជ្ជកម្មតាមអ៊ីនធឺណិត [OBM] នៅថ្ងៃទី ២៥ និង ២៥ ខែសីហា ដើម្បីចរចាជាមួយក្រុមហ៊ុននាំចូលពីប្រទេសចិន។ បច្ចុប្បន្ននេះមានក្រុមហ៊ុននាំចេញថៃចំនួន១៥០ ដែលបានយល់ព្រមចូលរួម ហើយក្រុមហ៊ុននាំចូលពីប្រទេសចិន និងក្រុងហុងកុងចំនួន២០០»។
លោកបានបន្ថែមថា៖ «ក្រសួងរំពឹងថាវានឹងជួយជំរុញការនាំចេញរបស់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានខែទៀតក្នុងឆ្នាំនេះ»។
លោក Jurin បានបញ្ជាក់ថា ការនាំចេញរបស់ប្រទេសថៃទំនងជាលើសពីគោលដៅរបស់ក្រសួង (កំណើន ៤-៥%) ដោយសារការងារសកម្មក្នុងការលើកកម្ពស់ទាំងទីផ្សារបឋម និងទីផ្សារថ្មី។
សម្រាប់ឆមាសទីមួយក្នុងឆ្នាំ២០២២ នេះ ការនាំចេញរបស់ថៃបានកើនឡើង ១២,៧% ដល់ ១៤៩ ប៊ីលានដុល្លារ ខណៈដែលការនាំចូលកើនឡើង ២១% ដល់ ១៥៥ប៊ីលានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ៦,២៥ប៊ីលានដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕