(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ទើបតែទទួលបាននូវការបន្តសុពលភាពវិញ្ញាបនបត្របញ្ជាក់អំពី «ការទទួលស្គាល់បន្តកម្រិត ISO លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន» ពីស្ថាប័នវាយតម្លៃស្តង់ដារសហគ្រាស (BSI) ប្រចាំចក្រភពអង់គ្លេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែសីហានេះ។
ស្ថាប័នអន្តរជាតិមួយនេះ បានពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារជាប់ជាប្រចាំ ដោយមានវិសាលភាពគ្របដណ្ដប់ទាំង លើមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ Data Center និងហេដ្ឋារចនាសម្ព័ន្ធរួមផ្សំនានា ដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងអភិវឌ្ឍ ព្រមទាំងប្រើប្រាស់ក្នុងការបំពេញការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធនាពេលបច្ចុប្បន្ន។
ក្រោមការដឹកនាំដោយយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ពី លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានពន្ធដារ ទទួលបានវិញ្ញាបនបត្រជាផ្លូវការលើស្តង់ដារ ISO/IEC 27001:2013 ស្តីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា លើកដំបូង នាឆ្នាំ២០១៦ ដែលមានសុពលភាពរយៈពេល៣ឆ្នាំ ដោយតម្រូវឱ្យមានការធ្វើសវនកម្ម តាមដានលើការអនុវត្តការងារស្តង់ដារជាប្រចាំឆ្នាំ។
ជាលទ្ធផលបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារ បន្តអនុលោមភាពដោយទទួលបានវិញ្ញាបនបត្រលើស្តង់ដារជា លើកទី២ នាឆ្នាំ២០១៩។ តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ អគ្គនាយកដ្ឋានពន្ធដារ ក៏បន្តទទួលបានវិញ្ញាបនបត្រ ស្តីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យាជា លើកទី៣ សម្រាប់សុពលភាពឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ពីស្ថាប័នវាយតម្លៃស្តង់ដារសហគ្រាស (BSI) ប្រចាំចក្រភពអង់គ្លេស។
ស្របតាមការកែទម្រង់គោលនយោបាយសារពើពន្ធ និងការដឹកនាំដ៏ឈ្លាសវៃរបស់លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកដ្ឋានពន្ធដារ មានចក្ខុវិស័យដាក់ឱ្យអនុវត្តស្តង់ដារថ្មីៗបន្ថែមទៀត ដោយមានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃស្តង់ដារអន្តរជាតិ ដើម្បីក្លាយជារដ្ឋបាលសារពើពន្ធទំនើបទាន់សម័យ ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយក្នុងកម្រិតតំបន់ និងសកល៕