(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជា រកចំណូលបានជាង៨០២លានដុល្លារ ពីការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែក នៅកម្ពុជា។
ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសដែលសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានបើកសម្ពោធជាផ្លូវការ ក្នុងគោលបំណងជួយជំរុញ ដល់ការអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើនឡើង បន្តបន្ទាប់ទៀត។
លោក លឹម តុង បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមឆមាសទី១ នៃដើមឆ្នាំ២០២២នេះ ទិន្នន័យនៃការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស មានតម្លៃសរុប ៨០២.៦៥លានដុល្លារ មានកំណើន៥៩.៤៨% ធៀបនឹងឆ្នាំ២០២១»។
បន្ថែមពីនោះទៀត លោក លឹម តុង បានគូសបញ្ជាក់ថា ដោយសារតែកំណើន នៃការវិនិយោគលើវិស័យឧស្សាហកម្មផលិតផលធ្វើដំណើរ និងកាបូប កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបបានផ្តួចផ្តើមគំនិតរួមគ្នា បង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជានេះឡើង។
បើតាមលោក លឹម តុង សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាសមាគមមិនរកប្រាក់ចំណេញ ហើយផ្ទុយទៅវិញសមាគមនេះ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាក់ទាញអ្នកវិនិយោគ ជួយសម្រួលដល់អ្នកវិនិយោគ ក្នុងការបង្កើតរោងចក្រ និងផ្តល់ការងារជូនបងប្អូនកម្មករ កម្មការនី ក្នុងប្រទេសកម្ពុជា។
លោក លឹម តុង បានឲ្យដឹងថា ប្រទេសកម្ពុជាមកដល់បច្ចុប្បន្ន ទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដែលបានផ្តល់ឱកាសការងារ និងជីវភាពរស់នៅល្អប្រសើរឡើងជាលំដាប់ ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
លោកថា ទោះបីជាមានផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ការវិនិយោគនៅប្រទេសកម្ពុជា នៅមានស្ថេរភាព និងកំណើនគួរឲ្យកត់សម្គាល់ ដែលលទ្ធផលវិជ្ជមានទាំងនេះ បានសរបញ្ជាក់ឲ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ របស់រាជរដ្ឋាភិបាល ក្នុងការកសាងទំនុកចិត្តជូនអ្នកវិនិយោគបរទេស និងក្នុងស្រុក ដោយបានផ្តល់ការងារជូនកម្មករកម្មការនី ក្នុងប្រទេសរាប់សែននាក់។
គូសបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេរមានចំនួន ៦,៥៦១.៩លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៨៤០.៦លានដុល្លារអាមេរិក ស្មើនឹង៣៩%៕