(សិង្ហបុរី)៖ ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតខ្នាតយក្សរបស់ចិន Alibaba និងក្រុមហ៊ុនភាពជាដៃគូមួយ ដែលដឹកនាំដោយក្រុមហ៊ុនអចលនទ្រព្យ Perennial Holdings ដែលមានមូលដ្ឋាននៅសិង្ហបុរី ទទួលបានការអនុម័តសម្រាប់គម្រោងសាងសង់អគារអភិវឌ្ឍន៍អគារចម្រុះកម្ពស់ ៦៣ជាន់នៅផ្លូវ Shenton Way ក្នុងតំបន់ពាណិជ្ជកម្ម។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់ឯកសាររបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) របស់សិង្ហបុរីថា ដោយមានកម្ពស់អតិបរមា ៣០៥ម៉ែត្រ អគារនេះអាចវ៉ាដាច់អគារ Guoco Tower ដែលមានកម្ពស់ ២៨៤ម៉ែត្រ ដែលជាអគារខ្ពស់បំផុតនៅក្នុងប្រទេសសិង្ហបុរី។

អ្នកនាំពាក្យរបស់ URA បានឱ្យដឹងនៅពីថ្ងៃសុក្រថា អគារកម្ពស់ ៣០៥ម៉ែត្រដែលត្រូវបានអនុម័តនេះនឹងជាអគារខ្ពស់បំផុតដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយអាជ្ញាធរសម្រាប់ការអភិវឌ្ឍន៍ក្នុងប្រទេសសិង្ហបុរី។

កាសែត Channel News Asia បានរាយការណ៍ថា គម្រោងអភិវឌ្ឍថ្មីនេះនឹងត្រូវបានសាងសង់នៅលើទីតាំង ដែលកំពុងកាន់កាប់ដោយអគារកម្ពស់ ៥០ជាន់ដែលពីមុនត្រូវបានគេស្គាល់ថាជាអគារ AXA Tower នៅលើផ្លូវ Shenton Way ក្នុងតំបន់ពាណិជ្ជកម្ម Tanjong Pagar។ នៅឆ្នាំ២០២០ ក្រុមហ៊ុន Alibaba Group បានយល់ព្រមទិញភាគហ៊ុន ៥០ភាគរយនៅក្នុង AXA Tower ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១,៦៨ប៊ីលានដុល្លារសិង្ហបុរី។

នៅពេលបញ្ចប់ការសាងសង់ គម្រោងដែលគាំទ្រដោយក្រុមហ៊ុន Alibaba នេះនិងអគារ Guoco Tower នឹងក្លាយជាអគារ២ ដែលមានកម្ពស់លើសពី ២៨០ម៉ែត្រនៅក្នុងប្រទេសសិង្ហបុរី ។

ទស្សនាវដ្តី Forbes បានរាយការណ៍ថា អគារដែលនឹងប្រើប្រាស់សម្រាប់ធ្វើជាហាងលក់រាយ ភោជនីយដ្ឋាន ការិយាល័យ សណ្ឋាគារនិងលំនៅដ្ឋាន ក៏ដូចជាផ្លូវសម្រាប់ថ្មើរជើងក្រោមដីនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។ នេះបើយោងតាមកាសែត Channel News Asia៕