(វីយែន)៖ ក្រុមប្រទេសផលិតប្រេងធំៗហៅថា OPEC+ បានព្រមព្រៀងបង្កើនទិន្នផលប្រេងឆៅតិចតួច កាលពីថ្ងៃពុធ ដែលទំនងជាធ្វើឱ្យមានការខកចិត្តចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានបញ្ចុះបញ្ចូលឱ្យមានការដំឡើងទិន្នផលប្រេងច្រើនដើម្បីទប់ទល់នឹងការឡើងថ្លៃថាមពលក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយបន្ទាប់ពីបញ្ចប់សន្និសីទតាមវីដេអូថ្នាក់រដ្ឋមន្ត្រីថា ក្រុមប្រទេសផលិតប្រេងដែលដឹកកនាមដោយប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានសម្រេចចិត្តបង្កើនទិន្នផលប្រេង ១សែនបារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែកញ្ញា ដែលទាបជាងការដំឡើងកន្លងមក។
តម្លៃប្រេងបានធ្លាក់ចុះកាលពីដើមសប្តាហ៍នេះ ប៉ុន្តែបានកើនឡើងច្រើនជាងមួយភាគរយដោយសារព័ត៌មាននៃការសម្រេចចិត្តរបស់អង្គការ OPEC+ នេះ ដោយតម្លៃប្រេងឆៅប្រភេទ Brent បានឡើងថ្លៃលើសពី ១០០ដុល្លារវិញក្នុងមួយបារ៉ែល។
លោក Edward Moya អ្នកវិភាគនៅក្រុមហ៊ុន OANDA បានប្រាប់ AFP ថា៖ «ការកើនឡើងតិចតួចបំផុតនៃទិន្នផលប្រេងជាប្រវត្តិសាស្រ្តរបស់អង្គការ OPEC+ នេះ នឹងធ្វើជួយបានតិចតួចណាស់ដល់ដល់វិបត្តិថាមពលពិភពលោកដែលកំពុងបន្តកើតមាន»។
លោក Moya បានមានប្រសាសន៍ថា៖ «តម្លៃប្រេងមើលទៅដូចជាស្ថិតនៅក្នុងរង្វង់ ១០០ដុល្លារក្នុងមួយ បារ៉ែល ទោះបីជាការការថមថយនៃសេដ្ឋកិច្ចពិភពលោកកើនឡើងក៏ដោយ។ រដ្ឋាភិបាលរបស់លោក Biden នឹងមិនសប្បាយចិត្តទេ ហើយនេះនឹងជាឧបសគ្គក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត»។
ដោយសារតម្លៃថាមពលកើនឡើងបន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន លោក Biden បានធ្វើដំណើរដ៏ចម្រូងចម្រាសទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែកក្កដា ផ្នែកមួយដើម្បីបញ្ចុះបញ្ចូលព្រះរាជាណាចក្រមួយនេះឱ្យបង្កើនការផលិតប្រេង ដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារ និងទប់ស្កាត់អតិផរណាដែលកំពុងកើនឡើង៕