(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ បន្តចុះពិនិត្យការដាក់បញ្ជរផ្ដល់សេវាចុះបញ្ជីពន្ធដារ និងចុះអង្កេតសហគ្រាស ស្របតាមសេចក្ដី ជូនដំណឹងលេខ ១៦៤០៣ អពដ ស្ដីពីការចុះអង្កេតសហគ្រាសនៅរាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើមលោក គង់ វិបុល បានចុះពិនិត្យនិងបានជួបសំណេះសំណាលជាមួយម្ចាស់អាជីវកម្មមួយចំនួន ដែលបានមកទទួលសេវានៅបញ្ជរផ្ដល់សេវាចុះបញ្ជីពន្ធដារ ដែលបានរៀបចំនៅផ្សារ TK Avenue នៅសង្កាត់បឹងកក់ទី១ ដែលមានទទួលផ្ដល់សេវាចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
សូមជម្រាបថា បញ្ជរផ្ដល់សេវាចុះបញ្ជីពន្ធដារ មានសេវាដូចជា៖ ថតរូប និងស្គែនម្រាមដៃអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ផ្ដល់ព័ត៌មានស្តីពី ការចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ជាពិសេសផ្ដល់នូវព័ត៌មានជូនអ្នកជាប់ពន្ធអំពីរបៀបនៃការទាញយកឯកសារ និងដំឡើងកម្មវិធីទូរស័ព្ទដៃនានា របស់អគ្គនាយកដ្ឋានពន្ធដារ និងផ្តល់សេវាពន្ធដារ នានាមួយចំនួនទៀតផងដែរ។
លើសពីនេះលោក គង់ វិបុល ក៏បានបន្តចុះពិនិត្យការអនុវត្តការងារអង្កេតសហគ្រាស នៅតាមទីតាំងអាជីវកម្មមួយចំនួនទៀត ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ក្នុងគោលបំណងផ្ដល់សេវាចុះបញ្ជីពន្ធដារជូនអ្នកជាប់ពន្ធ ឱ្យបានងាយស្រួល និងទូលំទូលាយ សំដៅជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យស្មើភាពគ្នា ដោយហេតុ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញនៅមានកន្លែងអាជីវកម្មថ្មីៗមួយចំនួន កំពុងប្រកបរបរអាជីវកម្មដោយមិនទាន់បានចុះបញ្ជីពន្ធដារនៅឡើយ។
នាឱកាសនោះ លោក គង់ វិបុល បានអំពាវនាវដល់ម្ចាស់សហគ្រាសដែលបាននិងកំពុងប្រកបអាជីវកម្មទាំងអស់ ចូលរួមសហការផ្ដល់ព័ត៌មានឯកសារ និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តការងារអង្កេតសហគ្រាស ព្រមទាំងចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារឱ្យបានគ្រប់ៗគ្នា និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។
គួររំលឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្ដើមចុះអនុវត្តការងារអង្កេតសហគ្រាសនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្ដល់សេវាចុះបញ្ជីពន្ធដារ និងប្រមូលព័ត៌មានមួយចំនួនដូចជា៖ អត្តសញ្ញាណម្ចាស់សហគ្រាស សកម្មភាពអាជីវកម្ម រូបថតទីតាំងសហគ្រាស និយាមកា និងព័ត៌មានចាំបាច់ផ្សេងទៀត សម្រាប់ជំរុញការចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីពង្រឹងការប្រកួតប្រជែងដោយស្មើភាពនិងអនុលោមភាព សារពើពន្ធដោយស្ម័គ្រចិត្តផងដែរ៕