(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារ ខណៈដែលវិនិយោគិនបានផ្តោតលើចក្ខុវិស័យមិនល្អអំពីតម្រូវការប្រេងឥន្ធនៈ ស្របពេលដែលទិន្នន័យឧស្សាហកម្មផលិតកម្មបានបង្ហាញពីការធ្លាក់ចុះផលិតកម្មជាសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរអនាគតធ្លាក់ចុះ ៧៧សេន ឬ ០,៨ភាគរយ មកនៅត្រឹម ៩៩,២៦ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅប្រភេទ WTI ក្នុងកិច្ចសន្យាជួញដូរអនាគតបានធ្លាក់ចុះ ៦៧សេន ឬ ០,៧ភាគរយមកនៅត្រឹម ៩៣,២២ដុល្លារក្នុងមួយបារ៉ែល។

ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះកាលពីថ្ងៃចន្ទដល់ ៩៩,០៩ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី១៥ ខែកក្កដាមកស្របពេលដែលតម្លៃប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ៩២,៥២ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី១៤ ខែកក្កដាមក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំណេររបស់លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់មកពីក្រុមហ៊ុន OANDA បានថ្លែងថា៖ «តម្លៃប្រេងឆៅបានធ្លាក់ចុះបន្ទាប់ពីទិន្នន័យសកម្មភាពរោងចក្រជាច្រើនបានបង្ហាញថា ពិភពលោកកំពុងដើរឆ្ពោះទៅរកការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដ៏ខ្លាំង និងដោយសារការរំពឹងថានឹងមានទិន្នផលប្រេងកាន់តែច្រើនបន្ទាប់ពីក្រុមហ៊ុនផលិតប្រេងទទួលបានប្រាក់ចំណូលដ៏ល្អ»។

ការព្រួយបារម្ភអំពីការដើរថយក្រោយនៃសេដ្ឋកិច្ចបានកើនឡើងកាលពីថ្ងៃចន្ទ ខណៈដែលការស្ទង់មតិនានាពីសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីបានបង្ហាញថា រោងចក្រផលិតកម្មនានាបានតស៊ូបង្កើនសន្ទុះសកម្មភាពផលិតកម្មនៅក្នុងខែកក្កដា ហើយតម្រូវការសកលខ្សោយ និងការដាក់កម្រិតយ៉ាងតឹងរ៉ឹងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ របស់ប្រទេសចិនបានធ្វើឱ្យផលិតកម្មថយចុះ។

ការធ្លាក់ចុះតម្លៃក៏កើតមានឡើងផងដែរ នៅពេលដែលទីផ្សារកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅថ្ងៃពុធរវាងអង្គការប្រទេសនាំចេញប្រេង (OPEC) និងប្រទេសសម្ព័ន្ធមិត្តរួមទាំងប្រទេសរុស្ស៊ីផងដែរ ដែលរួមគ្នាត្រូវបានគេស្គាល់ថាជា OPEC+។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីសម្រេចចិត្តលើទិន្នផលប្រេងប្រចាំខែកញ្ញា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕