(ភ្នំពេញ)៖ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចរចាយកប្រេងកាតរបស់កម្ពុជាជិត ៣០ម៉ឺនបាលរ៉ែលដែលបានបាត់ ដោយសារនាវា MT Strovolos លួចដឹកចេញពីតំបន់បូមប្រេងប្លុក A ដោយខុសច្បាប់នោះ កំពុងទទួលបានលទ្ធផលល្អ ដែលអាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខនេះ។

ចំពោះពេលវេលាជាក់លាក់ថា នឹងអាចចរចាបញ្ចប់នៅពេលណានោះ មិនត្រូវបានលោក ជៀប សួរ បញ្ជាក់ច្បាស់លាស់ទេ លោកថាត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើការងារនេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ឱកាសអញ្ជើញចូលរួមក្នុងសន្និសីទប្រេង និងឧស្ម័ន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក ជៀប សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះភាគីទាំងអស់ បានឯកភាពគ្នាក្នុងការចូលតុចរចា ដើម្បីសម្របសម្រួលទៅតាមការព្រមព្រៀង បែងចែកផលប្រយោជន៍ ដែលភាគីនិមួយៗ ត្រូវទទួលបាន។ ការពិភាក្សានេះត្រូវការពេលវេលាយូរ គ្រាន់តែដឹងថា វាមានសញ្ញាវិជ្ជមានច្រើនមកដល់ពេលនេះ តែមិនទាន់ចប់ទាំងស្រុងនោះទេ។ ខ្ញុំគ្រាន់តែចង់ជម្រាបថា រឿងប្រេងដែលបាត់ គឺភាគីពាក់ព័ន្ធទាំងតំណាងក្រុមហ៊ុន KriEnergy តំណាងកប៉ាល MT Strovolos និងភាគីក្រុមហ៊ុនច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចរចាគ្នាយ៉ាងស្វិតស្វាញ ហើយមានវឌ្ឍនភាពល្អ តែគ្រាន់តែវាមិនទាន់ចប់ ហើយចំពោះពេលវេលា ខ្ញុំអាចសន្និដ្ឋានថាឆាប់ៗ»

គូសបញ្ជាក់ថា មុនពេលប្រកាសខ្ស័យធុន ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ទទួលសិទ្ធិសិទ្ធិរុករក និងបូមប្រេងឆៅពីកម្ពុជា បានជួលនាវា MT Strovolos ចតនៅតំបន់គម្រោងប្រេងកាតអប្សរា ក្នុងការបំពេញតួនាទីជានាវាផ្ទុក និងផ្ទេរប្រេងឆៅ។

ក្រុមនាវិកនៃនាវា MT Strovolos បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៩៥ ០០០បារ៉ែល។

នៅអំឡុងចុងខែកក្កដា នាវា និងនាវឹកជាច្រើននាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន បន្ទាប់ពីចូលចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។

ក្នុងនាមជាម្ចាស់នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តចាត់វិធានការផ្សេងៗទៀត ដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ៕