(ភ្នំពេញ)៖ លោក ហាវ វិសិដ្ឋ អគ្គនាយករង រដ្ឋបាលជលផល បានឲ្យដឹងថា រយៈពេលចុងក្រោយនេះ ក្រុមហ៊ុនកែច្នៃត្រីនៅកម្ពុជា កំពុងបញ្ជាទិញត្រីប្រាសាច់សជាបណ្ដើរៗ ដើម្បីកែច្នៃនាំចេញទៅកាន់ប្រទេសចិន តាមផែនការការនាំចេញលើកដំបូង មានចំនួន៤០តោន។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហាវ វិសិដ្ឋ បានបញ្ជាក់ថា «ការនាំចេញត្រីប្រាទៅកាន់ប្រទេសចិន នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ ជាក់ស្ដែងចាប់ពីសប្ដាហ៍មុនរហូតដល់ពេលនេះ ក្រុមហ៊ុនកែច្នៃត្រីនៅកម្ពុជា បានបញ្ជាទិញប្រាសាច់ស ពីកសិដ្ឋានវារីវប្បកម្មក្នុងមួយថ្ងៃមួយតោនជារៀងរាល់ថ្ងៃ ដើម្បីកែច្នៃនាំចេញទៅកាន់ប្រទេសចិន»

លោកបានបន្ដថា ចំពោះការបញ្ជាទិញតិចក្នុងមួយថ្ងៃមួយតោននេះ ដោយសារតែក្រុមហ៊ុនកែច្នៃកង្វះកម្លាំងពលកម្ម និងមានអ្នកជំនាញតិច ប្រសិនបើការបញ្ជាទិញច្រើននឹងធ្វើឲ្យការកែច្នៃមិនទាន់។

លោកបានបញ្ជាក់ទៀតថា «ចំពោះផែនការនៃការនាំចេញត្រីប្រារបស់កម្ពុជា ទៅប្រទេសចិនជាលើកដំបូងនេះ នឹងនាំចេញចំនួន៤០តោន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងញាប់ដៃញាប់ជើង ក្នុងការកែច្នៃឲ្យគ្រប់ផែនការ៤០តោននេះ ដើម្បីនាំចេញឲ្យបានឆាប់រហ័ស នេះជាជំហានដំបូងនៃ ការសាកល្បងថា តើត្រីប្រារបស់កម្ពុជា មានការពេញនិយម ក្នុងប្រទេសចិនដែលឬទេ? ប្រសិនបើមានការគាំទ្រច្រើននោះកម្ពុជា នឹងបង្កើនជំហានបន្ដបន្ទាប់ ក្នុងការនាំចេញ»

សូមជម្រាបថា ភាគីខាងចិនបានយល់ព្រម និងអនុញ្ញាតឲ្យកសិដ្ឋានចិញ្ចឹមត្រីប្រាទាំង៣កន្លែង ដែលបានបំពេញបែបបទ និងចុះបញ្ជីជាមួយរដ្ឋបាលជលផល នាំត្រីប្រាទៅប្រទេសចិន។

បើតាមរដ្ឋបាលជលផល ឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មរបស់កម្ពុជាសរុបជាង៤០ម៉ឺនតោន ក្នុងនោះទិន្នផលត្រីប្រា ទទួលបានប្រមាណ៣០% ទៅ៤០% នៃទិន្នផលវារីវប្បកម្មសរុបរបស់កម្ពុជា។

លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគវារីវប្បករកម្ពុជា បានជំរុញឲ្យអ្នកចិញ្ចឹមត្រីប្រា ត្រូវធ្វើយ៉ាងណា ចិញ្ចឹមឲ្យមានលក្ខណៈស្ដង់ដារល្អ ដើម្បីត្រូវនឹងទីផ្សារប្រទេសចិន ដែលគេចង់បាន ដោយទឹកត្រូវតែល្អ, សាច់ត្រីប្រា ត្រូវមានសាច់ល្អ និងត្រូវស្ដង់ដារ។

ក្រៅពីត្រីប្រា លោក សុខ រ៉ាដែន រំពឹងថា ត្រីទីឡាប់យ៉ា ក៏អាចជាគោលដៅ នៃទីផ្សារប្រទេសចិន ដោយសារត្រីទីឡាប់យ៉ា កម្ពុជាមានសមត្ថភាពផលិត ព្រោះត្រីប្រភេទនេះ មានការរីកលូតលាស់លឿន និងមានសាច់ល្អ ដែលជាគោលដៅទីផ្សារអន្ដរជាតិ៕