(តូក្យូ)៖ សារព័ត៌មាន Nikkei របស់ជប៉ុនបានរាយការណ៍នៅចុងសប្តាហ៍មុនថា រដ្ឋាភិបាលជប៉ុនត្រូវបានគេរំពឹងថានឹងទម្លាក់ការព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់សារពើពន្ធឆ្នាំ២០២២ ពីអត្រា ៣,៣ភាគរយដែលបានព្យាករនៅក្នុងខែមករា មកនៅត្រឹមប្រហែល ២ភាគរយ។
សេចក្តីរាយការណ៍នេះបានកើតមានឡើងបន្ទាប់ពីធនាគារកណ្តាលជប៉ុនកាលពីសប្តាហ៍មុនបានចេញផ្សាយការព្យាករប្រចាំត្រីមាសរបស់ខ្លួន ដោយបានទម្លាក់ការរំពឹងទុកសម្រាប់កំណើនក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ពី ២,៩ភាគរយដែលបានព្យាករកាលពីបីខែមុន មកនៅត្រឹម ២,៤ភាគរយ។
កាសែត Nikkei បានរាយការណ៍ថា ការទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចនេះឆ្លុះបញ្ចាំងឱ្យឃើញពី ភាពទន់ខ្សោយនៃការប្រើប្រាស់ឯកជន ខណៈដែលការកើនឡើងជាថ្មីនៃករណីឆ្លងមេរោគកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ច។
ការកើនឡើងភាពមិនប្រាកដប្រជាលើសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន និងការបិទខ្ទប់យ៉ាងតឹងរ៉ឹងដោយសារកូវីដ-១៩ នៅប្រទេសចិន ក៏ធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យសម្រាប់ការស្ទុះងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពរបស់សេដ្ឋកិច្ចជប៉ុនដែលពឹងផ្អែកលើការនាំចេញ៕