(ភ្នំពេញ)៖ កម្ពុជានឹងដាក់ឲ្យប្រើប្រាស់ នូវការទិញធានារ៉ាប់រង លើយានយន្ដគ្រប់ប្រភេទ នាពេលឆាប់ខាងមុខនេះ ដើម្បីធានាដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក រស់ សីលវ៉ា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធី «ទិវាធានារ៉ាប់រង ២០២២» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា និងមានកិច្ចសហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក រស់ សីលវ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ នូវការធានារ៉ាប់រងយានយន្តឯកជន ជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវ របស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ក្នុងប្រទេសកម្ពុជា»។
បើតាមលោក រស់ សីលវ៉ា ការដាក់ឲ្យប្រើប្រាស់ នូវការធានារ៉ាប់រងយានយន្តឯកជន គឺដើម្បីលើកកម្ពស់វិស័យធានារ៉ាប់រង ឲ្យមានការរីកចម្រើនថែមទៀត ហើយការធានារ៉ាប់រងនេះ ដើម្បីធានាដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ ពោលគឺជួយឲ្យពួកគាត់ ទទួលបានសំណងសមស្របណាមួយ សម្រាប់ការព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។
បន្ថែមពីនោះទៀត លោកបានបញ្ជាក់ថា ផលប្រយោជន៍ក្នុងការដាក់ដំណើការ ប្រព័ន្ធធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ចនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសំណាញ់ សុវត្ថិភាពសង្គម ឲ្យដើរទន្ទឹមគ្នានឹងការដាក់ឲ្យអនុវត្តប្រព័ន្ធគាំពារសង្គម របស់រាជរដ្ឋាភិបាល។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ទីផ្សារធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថា ច្បាប់ឆ្នាំ២០១៤ បានកំណត់ហើយ មិនមែនត្រឹមតែយានយន្ដប្រកបអាជីវកម្ម និងយានយន្ដដឹកអ្នកដំណើរទេ គឺយានយន្ដគ្រប់ប្រភេទ ត្រូវតែទិញធានារ៉ាប់រង ហើយធានារ៉ាប់រងនេះ បាននឹងកំពុងរៀបចំយន្ដការ ហើយនឹងដាក់ឲ្យអនុវត្ដនាពេលឆាប់ៗ ចំពោះយានយន្ដគ្រប់ប្រភេទ។
បើតាមលោក ប៊ូ ច័ន្ទភីរូ ទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុប៩៤ ក្នុងនោះ មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត១៤, ក្រុមហ៊ុនធានារ៉ាប់រងទូទៅ១៨, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច៧ ក្រុមហ៊ុនធានារ៉ាប់រងបន្ត១, ក្រុមហ៊ុនជើងសាធានារ៉ាប់រង១៨, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង២ កំពុងធ្វើប្រតិបត្តិការ អាជីវកម្មធានារ៉ាប់រង។
លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារធានារ៉ាប់រងកម្ពុជា មានទ្រព្យសកម្មសរុបប្រមាណ៨៥១លានដុល្លារ, មូលនិធិភាគទុនិកប្រមាណ៣៦៩លានដុល្លារ និងបង្កើតការងារពេញម៉ោងប្រមាណជិត៤,០០០កន្លែង, ការងារក្រៅម៉ោងជាង១០,០០០កន្លែង។
បើតាមលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ពាក់ព័ន្ធនឹងទំហំសំណងធានារ៉ាប់រង៖
ទី១៖ សម្រាប់ទីផ្សារធានារ៉ាប់រងទូទៅ, ទំហំសំណងដែលបានទូទាត់សរុបប្រមាណ ២៩.៨លានដុល្លារអាមេរិក ក្នុងនោះសំណងលើប្រភេទហានិភ័យចំនួន៣ក្រុម ស្មើនឹង ៧៨.៥% នៃសំណងធានា
រ៉ាប់រងទូទៅសរុប សំណងលើធានារ៉ាប់រងសុខភាព មានប្រមាណ ៣៤.៩% ធានារ៉ាប់រងយានយន្ត២២.១% និងធានារ៉ាប់រងទ្រព្យសម្បត្តិ(អគ្គិភ័យ) ២១.៥%។
ទី២៖ សម្រាប់ទីផ្សារធានារ៉ាប់រងអាយុជីវិត, ទំហំសំណងដែលបានទូទាត់សរុប ប្រមាណ១០.៧លានដុល្លារអាមេរិក ក្នុងនោះសំណងលើហានិភ័យ ដែលនាំទៅដល់មរណភាព ស្មើនឹង៧៧.៦% នៃសំណងសរុបលើធានារ៉ាប់រងអាយុជីវិត។
ទី៣៖ សម្រាប់ធានារ៉ាប់រងខ្នាតតូច, ទំហំសំណងដែលបានទូទាត់សរុបប្រមាណ០.៨លានដុល្លារអាមេរិក ក្នុងនោះសំណងភាគច្រើន ជាសំណងធានារ៉ាប់រងអាយុជីវិតខ្នាតតូច ដែលមានប្រមាណ៥៣%, សំណងលើធានារ៉ាប់រងយានយន្ត ២២.៥% និងធានារ៉ាប់រងសុខភាពខ្នាតតូច ១៦.៧%៕