(ភ្នំពេញ)៖ វិនិយោគទុនក្នុងស្រុក ឈរនៅលេខរៀងទី១ ដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាង ដោយមានជាង៥៣% នៃទុនវិនិយោគសរុបនៅកម្ពុជា នាំមុខលើវិនិយោគិនចិន ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៩៨ គម្រោង ដែលមានទុនវិនិយោគសរុបជាង ២ ៩៩៨ លានដុល្លារ កើនឡើង១១គម្រោងបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ខណៈទុនវិនិយោគកើនឡើងចំនួន២៩លានដុល្លារ។

តាមទិន្នន័យនេះ វិនិយោគក្នុងស្រុកបានចូលរួមចំណែកជាងពាក់កណ្តាលនៃទុនវិនិយោគសរុបនៅកម្ពុជា គឺប្រមាណ ៥៣.២៣% ឬប្រមាណ ១.៥៩ពាន់លានដុល្លារ នាំមុខវិនិយោគចិនដែលមានប្រមាណ ៤៣.០២% ឬស្មើនឹង១.២៩ពាន់លានដុល្លារ នៃការវិនិយោគសរុបនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំនេះ។ ប៉ុន្តែបើគិតពីប្រភពទុនវិនិយោគបរទេសវិញ ចិននៅតែឈរនៅលំដាប់ទី១ ដែលនាំប្រភពទុនមកវិនិយោគនៅកម្ពុជាច្រើនជាងគេ ពោលគឺនាំមុខ ថៃ, សាម័រ, ប្រីដធីស វីរជិនអាយលែន, កូរ៉េ, សិង្ហបុរី, ខេមិនអាយលែន, ម៉ាឡេស៊ី, ជប៉ុន និងអូស្រ្តាលី។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានគូសបញ្ជាក់ថា តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០២២នេះ មានការកើនឡើងទាំងចំនួនគម្រោងវិនិយោគ និងទុនវិនិយោគ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលការនេះពុំមែនជាការចៃដន្យនោះទេ តែកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី បានទទួលជ័យជម្នះក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈប្រើប្រាស់វ៉ាក់សាំងជាអាវុធយុទ្ធសាស្ត្រគន្លឹះ កត្តានេះបានផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចបើកដំណើរការសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យឡើងវិញចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការរក្សាបាននូវស្ថេរភាពនយោបាយ និងសុខសន្តិភាព ព្រមទាំងភាពជោគជ័យនៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ឈានដល់ការបើកសង្គម និងសេដ្ឋកិច្ចឡើងវិញ បានជំរុញឱ្យវិនិយោគគិនក្នុងស្រុក មានជំនឿចិត្តមកបណ្តាក់ទុននៅកម្ពុជា។

លោកបន្តថា ការចុះកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ក៏បានចូលរួមលើកទឹកចិត្តវិនិយោគគិនក្នុងស្រុក ឱ្យចាប់អារម្មណ៍លើការវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងបង្កើតរោងចក្រផ្សេងៗ សម្រាប់ផលិតនិងនាំចេញ។ ប៉ុន្តែយ៉ាងណា ការវិនិយោគទៅលើអចលនទ្រព្យ នៅតែជាវិស័យអទិភាព ដែលបានទាក់ទាញការវិនិយោគ ក្នុងស្រុកច្រើនជាងគេ។

តាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន៧គម្រោង ដែលមានទុនជាង១០៤លានដុល្លារ, វិស័យឧស្សាហកម្ម មានចំនួន៨៥ គម្រោង មានទុនជាង១ពាន់លានដុល្លារ , វិស័យទេសចរណ៍មាន១គម្រោងវិនិយោគ ដោយទទួលបានទុនជាង១២៩លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៥ គម្រោង ទទួលបានទុន ជាង១.៧ពាន់លានដុល្លារ៕