(ភ្នំពេញ)៖ លោក ខន គង្គា អ្នកជំនាញក្នុងវិស័យខុនដូរ និងជាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងថា អនាគតខុនដូនឹងក្លាយជាតម្រូវការ ចម្បងរបស់យុវជនកម្ពុជា ខណៈរាជធានីភ្នំពេញ ជាទីតាំងយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់ខុនដូ។
ការលើកឡើងរបស់លោក ខន គង្គា ធ្វើឡើងក្នុងឱកាសក្រុមហ៊ុន ERA ផ្តល់ពានរង្វាន់លើកទឹកចិត្ត ដល់ភ្នាក់ងារលក់ ក្នុងកម្មវិធី Career Advancement Day នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ ក្រុមហ៊ុន ERA Cambodia ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួលខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក បានផ្តល់ពានរង្វាន់លើកទឹកចិត្ត ដល់ភ្នាក់ងារលក់ក្នុងកម្មវិធី Career Advancement Day។
លោកបានលើកឡើងថា «អនាគតខុនដូនឹងក្លាយជាតម្រូវការចម្បងរបស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញជាទីតាំងយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់ខុនដូ ដោយសារតែតាមតួលេខរយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញ ដែលទិញខុនដូ តាមរយៈក្រុមហ៊ុន ERA Cambodia ភាគច្រើនជាយុវជនក្នុងស្រុក ដែលមានវ័យចន្លោះពី២៥-៣៥ឆ្នាំ និងមួយចំនួនទៀតជាពលរដ្ឋខ្មែររស់នៅបរទេស ទិញទុកវិនិយោគ»។
លោកបានបន្ដទៀតថា កត្តាមួយទៀតគឺក្នុងរាជធានីភ្នំពេញតម្រូវការ នៃលំនៅដ្ឋានមានច្រើនប៉ុន្ដែមានតម្លៃថ្លៃ ពិសេសផ្ទះឬដីនៅចំកណ្ដាលទីក្រុង ដូច្នេះតម្រូវការចាំបាច់សម្រាប់ការរស់នៅគឺខុនដូ ដែលមានតម្លៃសមរម្យ ស្ថិតនៅចំកណ្ដាលរាជធានី ងាយស្រួលក្នុងការធ្វើដំណើរ។ ចំពោះខុនដូនីមួយៗបំពាក់នូវឯកជនភាព ក្នុងនោះមានអាងហែលទឹក មានក្លឹបហាត់ប្រាណ មានភោគជនីយដ្ឋាន និងមានភាពងាយស្រួលក្នុងការរស់នៅ។
លោកបានបញ្ជាក់ថា ៦ខែឆ្នាំនេះទីផ្សារខុនដូមានការរីកចម្រើនខ្លាំងមែនទែន កំណើននៃការទិញ និងវិនិយោគក្នុងស្រុកលើវិស័យខុនដូមានកើនឡើង ហើយការវិនិយោគពីបរទេសចាប់ផ្ដើមកើនឡើងជាសន្សឹមៗ ជាក់ស្ដែងដូចកមម្មវីធីរបស់ក្រុមហ៊ុន ERA ថ្ងៃនេះបានអញ្ជើញចូលរួមពី សំណាក់អ្នកវិនិយោគិនមកពីសង្ហឹបុរីផងដែរ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day ដើម្បីជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។
លោក ខន គង្គា បានលើកឡើងថា ក្រុមហ៊ុនបង្កបរិយាកាសការងារល្អៗ ដល់បុគ្គលិកទាំងការបណ្តុះបណ្តាល និងតែងរៀបចំកម្មវិធីធំៗ ដើម្បីបង្ហាញការទទួលស្គាល់ពីសមិទ្ធិផល តាមរយៈការផ្តល់ពានរង្វាន់ វិញ្ញាបនបត្រ និងដំឡើងតួនាទីជាដើម។
លោកបានថ្លែងថា «ទោះឋិតក្នុងស្ថានភាពបង្កឡើងដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់នៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈរ ដើម្បីជួយសម្រួលការទិញ-លក់ដល់អតិថិជន។ នេះព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើន លើការប្រើប្រាស់ក្រុមហ៊ុន ដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។
កម្មវិធី Career Advancement Day របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រពី គម្រោងអភិវឌ្ឍន៍ខុនដូធំៗដូចជា គម្រោង Morgan EnMaison, La Vista, R&F និងគម្រោងខុន Time Square ហើយម្ចាស់គម្រោងខុនដូទាំងនេះ បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគ ដោយផ្តោតលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់ផងដែរ។
ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកនេះ មានភ្នាក់ងារអាជីពប្រមាណ៤០០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ២២០០ នៅទូទាំង៣៧ប្រទេសលើពិភពលោក។
ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ខន គង្គា ជាអគ្គនាយក និងនាយកប្រតិបត្តិ។ ERA Cambodia ជាក្រុមហ៊ុនមានឯកទេសទិញ លក់ និងជួលខុនដូ ដោយផ្ដោតលើតំបន់សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
បច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារប្រមាណ១៥០០នាក់ សម្រាប់បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។ រយៈពេលជាង៤ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការ ដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះ បូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក៕