(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានគូសបញ្ជាក់ថា អ្នកវិនិយោគមានការចាប់អារម្មណ៍ ចំពោះសក្ដានុពលវិនិយោគនៅកម្ពុជា ខណៈរយៈពេល៦ខែ ឆ្នាំ២០២២នេះ ការវិនិយោគមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។
ឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៩៨គម្រោង ដែលមានទុនវិនិយោគសរុបជាង ២ ៩៩៨ លានដុល្លារ បង្កើតការងារបានចំនួន ៧២ ៣២៩កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ចំនួនគម្រោងវិនិយោគកើនឡើងចំនួន ១១គម្រោង ខណៈទុនវិនិយោគកើនឡើងចំនួន២៩លានដុល្លារ។
លោកបញ្ជាក់ថា ការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានវិធានការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ បានដល់អត្រាខ្ពស់បំផុត ដែលធ្វើឲ្យមានភាពសុំាសហគមន៍។
លោក សុខ ចិន្តាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកវិនិយោគមានការចាប់អារម្មណ៍ ចំពោះសក្ដានុពលកម្ពុជា ខ្ញុំបានធ្វើការសរុបតួលេខ សម្រាប់ឆមាសទី១ នៃឆ្នាំ២០២២ បានឲ្យឃើញថា បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២១ មានភាពល្អប្រសើរ និងមានការកើនឡើង»។
លោកបានគូសបញ្ជាក់ថា ការកើនឡើងនៃការវិនិយោគ គឺដោយសារតែមានវិធានការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ប៉ុន្ដែការកើនឡើងនេះ បើប្រៀបធៀបនឹងឆ្នាំ ដែលមិនទាន់មានកូវីដ-១៩ គឺវានៅទាបនៅឡើយ។
ទោះជាការវិនិយោគមានការកើនឡើងក្តី ប៉ុន្តែលោករដ្ឋមន្ត្រីបានកត់សម្គាល់ថា «ការវិនិយោគចាប់ផ្ដើមងើបហើយ ប៉ុន្តែទម្រាំទៅដល់តួលេខ ដូចពេលអត់កូវីដ១៩ ត្រូវរង់ចាំរយពេលបនិ្ដច ប៉ុន្ដែមានក្ដីសង្ឃឹម និងមានសញ្ញាល្អច្រើន»។
លោកបានបញ្ជាក់ថា ចំពោះវិបត្ដិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន មិនមែនតែកម្ពុជានោះទេ គ្រប់ប្រទេសទាំងអស់ គឺសុទ្ធតែមានក្ដីកង្វល់ ហើយក្ដីកង្វល់នោះ គឺការឡើងថ្លៃប្រេង ធ្វើឲ្យឡើងថ្លៃថាមពល, ឡើងថ្លៃដឹកជញ្ជូន និងឡើងថ្លៃស្បៀងជាដើ ម។ អ្នកវិនិយោគលើពិភពលោក តែងតែមិនមានសកម្មភាពនោះទេ នៅពេលដែលមានវិបត្ដិសង្គ្រាម ព្រោះថា វាមិនអាចប៉ាន់ប្រមាណ និងអត់មានអ្នកណាហ៊ាននិយាយ ចំពោះរយៈពេលវេលាណាមួយ លើសេដ្ឋកិច្ចយ៉ាងម្ដេចនោះទេ ហើយនេះជាអ្វីដែលអ្នកវិនិយោគខ្លាចបំផុត។
លោកសង្ឃឹមថា វិបត្តិនេះនឹងមានការដោះស្រាយ ហើយបើប្រសិនជាមានការធូរស្រាល ពីវិបត្តិពីផលប៉ះពាល់ ទៅលើសេដ្ឋកិច្ចពិភពលោកនេះ កម្ពុជាបានត្រៀមខ្លួនរួចហើយ សម្រាប់ទទួលអ្នកវិនិយោគ។
លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តខិតខំជំរុញ និងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសវិធានការទាំងឡាយ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស៕