(ភ្នំពេញ)៖ ក្នុងពិធីបញ្ចប់គម្រោងការស្ដារសហគ្រាស ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ (អាហ្វធើ) នៅសណ្ឋាគាររ៉ាហ្វិលឡឺរូយ៉ាល់ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោកគតិសិដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានលើកទឹកចិត្ដដល់សហគ្រាសទាំងអស់ បន្តសិក្សាស្វែងយល់នូវចំណេះដឹងបន្ថែមទៀត ដើម្បីបន្តនិរន្តភាពអាជីវកម្មរបស់ខ្លួន។
ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានការគាំទ្រយ៉ាងខ្លាំង ពីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្សព្វផ្សាយគោលការណ៍ណែនាំបច្ចេកទេស ដែលមានចំណងជើងថា «ការឆ្លើយតបទៅនឹងវិបត្តិ COVID-19 - ផ្លូវឆ្ពោះទៅរកការបន្តអាជីវកម្ម» និងការស្ដារឡើងវិញ របស់សហគ្រាសខ្នាត មីក្រូ តូច និង មធ្យម។ ខ្ញុំក៏សូមលើកទឹកចិត្ត ដល់សហគ្រាសទាំងអស់បន្តសិក្សាស្វែងយល់នូវចំណេះដឹងបន្ថែមទៀត ដើម្បីបន្តនិរន្តភាពអាជីវកម្មរបស់ខ្លួន»។
បន្ថែមពីនោះទៀត ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ជឿជាក់ថា ការគាំទ្រដល់សហគ្រាសមីក្រូ តូច និង មធ្យម និងសហគមន៍ ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងទម្រង់ជាជំនួយបច្ចេកទេស ទាំងផ្នែកផលិតភាព គុណភាព និងស្ដង់ដា ការគាំទ្រដល់ការពង្រឹងនូវវិធានសុវត្ថិភាព អនាម័យ និងនីតិវធីប្រណិបត្តិអប្បបរមា សម្ភារៈបរិក្ខារ និងជំនួយជាថវិកា ដែលកម្មវិធី អាហ្វធី ផ្តល់ឲ្យ អាចដោះស្រាយបញ្ហាដែលសហគ្រាស និងសហគមន៍បាន និងកំពុងប្រឈម។
ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានឲ្យដឹងថា សហគ្រាសខ្នាត មីក្រូ តូច និង មធ្យម បានផ្តល់ការងារមួយភាគធំ នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ពួកគេភាគច្រើនបានចូលរួម នៅក្នុងសកម្មភាពឧស្សាហកម្ម ហើយចំនួនដ៏ច្រើនសន្ធឹកសន្ធាប់កំពុងតែតស៊ូដើម្បីបន្តអាជីវកម្មរបស់គេ។ ប្រាកដណាស់ ពួកគេត្រូវការការគាំទ្រជាបន្តបន្ទាប់ពីភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីបង្កើនភាពប្រកួតប្រជែង និងផលិតភាពរបស់ខ្លួន និងដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនដើម្បីបន្តនិរន្តភាពប្រតិបត្តិការអាជីវកម្ម។
ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានលើកឡើងទៀតថា ក្នុងក្របខណ្ឌកម្មវិធីដើម្បីភាពជាដៃគូប្រទេស ដែលជាកម្មវិធីរួមគ្នារវាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីគាំទ្រដល់ការ អនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ហើយលោកបន្តគាំទ្រកិច្ចសហការជាបន្តបន្ទាប់ ជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនផលិតភាព និងការ ប្រកួតប្រជែង របស់សហគ្រាសខ្នាត មីក្រូ តូច និងមធ្យម។
គូសបញ្ជាក់ផងដែរថា កម្មវិធីការស្ដារឡើងវិញ ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ហៅកាត់ថា- អាហ្វធើ ជាគំនិតផ្ដួចផ្ដើមរបស់អង្គការយូនីដូកម្ពុជា។ កម្មវិធីអាហ្វធើ មានគោលបំណងបង្កើនភាពធន់ និងការស្តារឲ្យប្រសើរឡើងនូវសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩។ កម្មវិធីនេះ មានធាតុចេញសំខាន់ៗចំនួន៣៖
ទី១៖ គាំទ្រសហគ្រាសក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ដើម្បីបង្កើនគុណភាពផលិតផល និងសេវាកម្មរបស់ពួកគាត់។
ទី២៖ គាំទ្រសហគ្រាសក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងការអនុវត្តវិធានការសុវត្ថិភាព និងអនាម័យ ក្នុងផលិតកម្ម និងសេវាកម្មទេសចរណ៍។
ទី៣៖ គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយជាតិ ដើម្បីជំរុញការស្តារឡើងវិញ នូវសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យកសិ-អាហារ និងទេសចរណ៍។
ឆ្លើយតបទៅនឹងធាតុចេញទី១ កម្មវធីអាហ្វធើបានទទួលភាពជោគជ័យនៅក្នុងការគាំទ្រដល់សហគ្រាសក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួន តាមរយៈជំនួយបច្ចេកទេសផ្សេងៗ ការផ្តល់គ្រឿងបរិក្ខារឬឧបករណ៍ និងជំនួយហិរញ្ញវត្ថុ។
ជាក់ស្ដែង កម្មវិធីអហ្វធើ បានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការធ្វើទីផ្សារឌីជីថល ការអនុវត្តគុណភាព និងស្ដង់ដារ ការប្រតិបត្តិតាមវិធានការអនាម័យ និងសុវត្ថិភាព និងការបង្វឹកលើការអភិវឌ្ឍន៍ផលិតផលថ្មី ការគ្រប់គ្រងហិរញ្ញវត្ថុ ប្រព័ន្ធត្រួតពិនិត្យគុណភាពផ្ទៃក្នុង និងសេវាកម្មគាំទ្រផ្សេងទៀតដល់សហគ្រាសចំនួន៦០។
លើសពីនេះ គម្រោងក៏បានផ្តល់នូវការគាំទ្រដោយផ្ទាល់ ដូចជាការធ្វើឲ្យប្រសើរឡើងនូវបរិក្ខារ និងឧបករណ៍ ព្រមទាំងជំនួយជាសាច់ប្រាក់ដោយផ្ទាល់។ ជាមួយគ្នានោះដែរ កម្មវិធីអាហ្វធើ បានគាំទ្រ ដល់អាជីវកម្មម្ហូបអាហារ និងសេវាកម្មម្ហូបអាហារចំនួន១៥៦ ក្នុងការបង្កើនជំនាញរបស់ពួកគេលើផ្នែកបដិសណ្ឋារកិច្ច អនាម័យ និងសុវត្ថិភាព ផ្នែកអាហារ និងភេសជ្ជៈ។
ជំនាញទាំងនេះ នឹងជួយធានាថាអាជីវកម្មទាំងនេះ អាចដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីទាក់ទាញអតិថិជនថ្មី ដែលអាចជាប្រយោជន៍ដល់ការងើបឡើងវិញ របស់អាជីវកម្មពួកគេក្នុងបរិការណ៍កូវីដ-១៩ផងដែរ។
ឆ្លើយតបទៅនឹងធាតុចេញទី២ កម្មវិធីអាហ្វធើ បានអនុវត្តយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដើម្បីលើកកម្ពស់ការអនុវត្តសុវត្ថិភាព និងអនាម័យ ក្នុងចំណោមសហគ្រាសដែលទទួលការគាំទ្រ និងបង្កើនទំនុកចិត្តអ្នកប្រើប្រាស់លើផលិតផល និងសេវាកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុក។
យុទ្ធនាការនេះ បានចាប់ផ្ដើមនៅថ្ងៃទី៤ ខែកក្កដា ដោយមានការធ្វើយុទ្ធនាការផ្សព្វផ្សាយ នៅលើបណ្ដាញសង្គម ដែលក្នុងនោះ មានវីដេអូផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់សហគ្រាស ដែលទទួល បានការគាំទ្រចំនួន១២វីដេអូ រួមជាមួយនឹងវីដេអូព័ត៌មាន និងអប់រំស្ដីពីការអនុវត្តស្ដង់ដារសុវត្ថិភាព និងអនាម័យ ដែលត្រូវបានបង្ហោះ និងចូលរួមទស្សនាដោយទស្សនិកជន ក្នុងស្រុកជិតកន្លះលាននាក់ នៅលើបណ្ដាញសង្គមហេ្វសប៊ុក។
លើសពីនេះទៅទៀត យុទ្ធនាកានេះ ក៏បានធ្វើការផលិត និងចែកចាយសម្ភារៈទំនាក់ទំនង ស្ដីពីការលើកកម្ពស់ស្តង់ដារសុវត្ថិភាព និង អនាម័យ ក៏ដូចជាមានការចុះអនុវត្តសកម្មភាពជាក្រុមតូចៗ ជាមួយម្ចាស់សហគ្រាស ប្រតិបត្តិករ និងកម្មករ នៅក្នុងសហគ្រាសដែលបានជ្រើសរើស ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាព និងអនាម័យជាលក្ខណៈកំសាន្តបែបអប់រំផងដែរ។
ជាសរុប ផ្ទាំងបដាចំនួន១៥៥ ផុសស្ទឺ (Poster) ចំនួន៥៥០ ស្ទីកគ័រ (Sticker) ចំនួន២៧៥០ និងខិត្តប័ណ្ណចំនួន៦០០ ត្រូវបានចែកចាយ ហើយសហគ្រាសចំនួន៣២កន្លែង នៅក្នុងក្រុងភ្នំពេញ និងខេត្តគោលដៅចំនួន៣ទៀត បានចូលរួមអនុវត្តសកម្មភាពក្រុមតូច នៅក្នុងកំឡុងពេលធ្វើយុទ្ធនាការផងដែរ។
លើសពីនេះទៀត កម្មវិធីបានចូលរួមគាំទ្រ ដល់ការពង្រឹងគុណភាព និង ស្ដង់ដារដល់សហគ្រាសកសិ-អាហារចំនួន២៤សហគ្រាស និង អាជីវកម្មចំនួន១៦៥ ក្នុងការអនុលោមតាមនីតិវិធីប្រតិបត្តិការ ស្តង់ដារក្នុងអាជីវកម្មម្ហូបអាហារ ក៏ដូចជាគាំទ្រអាជីវកម្ម៥៦ ឲ្យទទួលបានវិញ្ញាបនបត័្រនីតិវិធីប្រតិបត្តិការស្តង់ដារ ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេឡើងវិញផងដែរ។
ដើម្បីឆ្លើយតបទៅនឹងធាតុចេញទី៣ កម្មវិធីអាហ្វធើ គាំទ្រការរួមបញ្ចូលនៃផែនការ និងធាតុផ្សំនៃការស្តារឡើងវិញទៅក្នុងគោលនយោបាយពាក់ព័ន្ធនឹងវិស័យកសិ-អាហារ និងទេសចរណ៍។
កម្មវិធីអាហ្វធើ ក៏បានជួយបណ្តុះបណ្តាលសមត្ថភាព ដល់ដល់មន្ត្រីរដ្ឋាភិបាលចំនួន១៦៥នាក់ នៃវិស័យកសិអាហារ និងទេសចរណ៍ ជាពិសេសក្នុងខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់ និងបាត់ដំបង សម្រាប់ការអនុវត្តផែនការស្តារឡើងវិញ ក្នុងអំឡុងពេលនិង ក្រោយបរិបទ Covid-19។
កម្មវិធីអាហ្វធើ ត្រូវបានផ្តល់មូលនិធិដោយប្រទេសស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (ហៅកាត់ - អេសឌីស៊ី) និងអនុវត្តដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (ហៅកាត់ - យូនីដូ) ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា។
ភាគីពាក់ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលរួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រីឯភាគីពាក់ព័ន្ធផ្សេងទៀត រួមមានវិស័យឯកជន និងសមាគមនានាតំណាងឲ្យវិស័យឯកជន ឬអាជីវកម្មក្នុងខ្សែសង្វាក់កសិ-អាហារ និងទេសចរណ៍។
តំបន់គោលដៅរបស់កម្មវិធីរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ គម្រោងនេះ មានថវិកាសរុបចំនួន ១,០០០,០០០ ដុល្លារអាមេរិក ជាមួយនឹងទឹកប្រាក់ជំនួយសរុបចំនួន ១,៤៧៥,០០០ដុល្លារអាមេរិក សរុបទាំងការសហការរបស់ដៃគូ។ កម្មវិធីនេះ បានចាប់ផ្តើមពីខែធ្នូ ឆ្នាំ ២០២០ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២២៕