(ភ្នំពេញ)៖ បណ្ឌិត អ៊ិន ចាន់នី ប្រធាន និងជានាយកគ្រប់គ្រងធនាគារ អេស៊ីលីដា ភីអិលស៊ី បានអះអាងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានផ្តល់ប្រាក់កម្ចីយ៉ាងច្រើន ដល់វិស័យកសិកម្មជាមួយនឹងចំនួនទឹកប្រាក់ចំនួន ១.២១ ពាន់លានដុល្លារ។
ការផ្តល់ប្រាក់កម្ចីដ៏ច្រើនក្នុងវិស័យកសិកម្មនេះ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម រួមចំណែកដល់កំណើនសេដ្ឋកិច្ច។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក អ៊ិន ចាន់នី ធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំផ្គូផ្គងអាជីវកម្មកសិកម្ម អេស៊ីលីដា ដែលមានការចូលរួមពីវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីបង្កើតបណ្តាញអាជីវកម្មទូលំទូលាយ និងឱកាសដើម្បីវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងឲ្យដឹងថា «រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាព លើវិស័យកសិកម្ម ជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍ។ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់វិស័យកសិកម្មជាមួយនឹងចំនួនទឹកប្រាក់ចំនួន ១.២១ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២០.៧៥% នៃផលប័ត្រប្រាក់កម្ចីសរុប របស់ធនាគារ»។
លោកបន្ថែមថា គោលបំណងនៃព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចនេះ គឺដើម្បីបង្កើតឱកាសសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស ជាពិសេសអ្នកវិនិយោគជប៉ុនបានជួបមុខគ្នា ដើម្បីបង្កើតបណ្តាញធុរកិច្ច។ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងការចូលរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផ្តល់ការងារដល់កម្លាំងពលកម្មភាគច្រើននៅកម្ពុជា។ នាពេលនេះ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង និងផលិតផលអាហារូបត្ថម្ភ ប្រកបដោយនិរន្តរភាពសម្រាប់ទាំងប្រទេសកម្ពុជា និងប្រទេសដទៃទៀតក្នុងពិភពលោក។
គួរជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានផ្តល់ប្រាក់កម្ចីជាង ៣៤% ដល់វិស័យកសិកម្មនៃវិស័យធនាគារនៅកម្ពុជា។ ដោយមើលឃើញថា ធនាគារបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើន ដល់វិស័យកសិកម្ម, អង្គការ JICA និង SMBC បានផ្តល់ប្រាក់កម្ចីសហហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារដល់ធនាគារអេស៊ីលីដា សម្រាប់ផ្តល់កម្ចីបន្ថែមដល់វិស័យកសិកម្មនៅកម្ពុជា។
ទន្ទឹមនឹងនេះ ធនាគារ និងធនាគារគ្រប់គ្រងដោយរដ្ឋ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) បានផ្តល់កម្ចីសហហិរញ្ញប្បទាន ដល់វិស័យកសិកម្មស្មើៗគ្នាក្នុងចំនួនទឹកប្រាក់រហូតដល់ ៤០លានដុល្លារអាមេរិក។ អនុវត្តតាមគម្រោងសហហិរញ្ញប្បទានទាំងនេះ វានឹងអាចឱ្យធនាគារផ្តល់ប្រាក់កម្ចីកាន់តែច្រើន ដល់វិស័យកសិកម្មនៅក្នុងឧស្សាហកម្ម។
ធនាគារ អេស៊ីលីដា គឺជាធនាគារកំពូលនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ប្រាក់កម្ចីដល់វិស័យកសិកម្ម។ តាមរយៈបណ្តាញសាខាធំជាងគេក្នុងប្រទេស និងផលិតផលឌីជីថលចុងក្រោយបង្អស់ ប្រជាជនកម្ពុជានៅគ្រប់ផ្នែកនៃសហគមន៍ ជាពិសេសអ្នកដែលរស់នៅជនបទ អាចទទួលបានសេវាហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ក្នុងគ្រប់ប្រភេទសេវាកម្ម/ផលិតផល រួមទាំងកម្ចីផងដែរ។ ក្នុងវិស័យកសិកម្ម៕