(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានកៀរគរចំណូលចូលថវិកាជាតិ បានប្រមាណជាង៥២.២៨ប៊ីលានរៀល ឬប្រមាណជាង១២លានដុល្លារ រយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រៅពីការសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងស្វែងរកទីផ្សារសម្រាប់ផលិតផល ក្រសួងពាណិជ្ជកម្មក៏ជាក្រសួង ដែលរកចំណូលបំពេញថវិកាជាតិផងដែរ ដោយក្នុងរយៈពេល៥ឆ្នាំកន្លងកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណ៤៩៧.៤៨ប៊ីលានរៀល ឬប្រមាណជាង១២០លានដុល្លារអាមេរិក ស្មើនឹង១០៦.៦%នៃផែនការថវិកា។

លោកបញ្ជាក់ថា ចំណូលទាំងនេះបានមកពីការផ្តល់សេវាសាធារណៈ ការផាកពិន័យពីចុះបញ្ជីពាណិជ្ជកម្មនៃការធ្វើអាជីវកម្មផ្សេងៗ និងការផាកពិន័យរបស់អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក ប ប) រួមនឹងការរៀបចំការតាំងពិព័រណ៍ផ្សេងៗ និងសេវាកម្មផ្សេងៗទៀត។

លោកបន្ថែមថា «ក្រសួងពាណិជ្ជកម្ម ជាក្រសួងដែលរកចំណូល មិនមែនជាក្រសួងដែលចំណាយតែមួយមុខទេ។ យើងបំពេញចំណូលថវិការដ្ឋជារៀងរាល់ឆ្នាំ»

សូមជម្រាបថា ក្នុងឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម រកចំណូលបាន២២០.២៦ប៊ីលានរៀល ឆ្នាំ២០១៩ បានជាង១១៣ប៊ីលានរៀល, ឆ្នាំ ២០២០ ទទួលបានចំណូលជាង ៥២.៨៧ប៊ីលានរៀល និងឆ្នាំ ២០២១ ទទួលបាន៥៨.៩០ប៊ីលានរៀល៕