(ភ្នំពេញ) ៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការ កាលពីខែតុលា ឆ្នាំ២០២១ មិនទាន់ជាធរមាននៅឡើយទេ ដោយសារភាគីកូរ៉េមិនទាន់បញ្ចប់និតិវិធីផ្ទៃក្នុងរបស់ខ្លួន។

លោកបញ្ជាក់បែបនេះ សន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

លោកបានបញ្ជាក់ថា សម្រាប់ភាគីកម្ពុជាបានបំពេញនិតិវិធីផ្ទៃក្នុងរួចរាល់ និងមានការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភារួចរាល់ហើយ និងបានផ្ញើសេចក្តីជូនដំណឹងនេះ ទៅភាគីកូរ៉េ ប៉ុន្តែដោយសារកូរ៉េ ត្រូវដល់ពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការរៀបចំរដ្ឋាភិបាល ហេតុនេះការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ គឺត្រូវរង់ចាំពេលបន្តិចទៀត។

លោកបានគូសបញ្ជាក់ថា «យើងបានធ្វើការតឿនជាច្រើនដងដែរ ទាំងក្នុងអំឡុងពេលនៃការចុះទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋកូរ៉េ ក៏ដូចជាសម្តេចប្រធានព្រឹទ្ធសភា ដែលទៅទស្សនកិច្ចនៅទីនោះ ក៏បានជជែកជាមួយប្រធានព្រឹទ្ធសភាកូរ៉េ សុំឱ្យពន្លឿននិតិវិធីនេះ ដើម្បីឆាប់បានចូលជាធរមាន»

គួរជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ត្រូវបានប្រកាសបើកការចរចាជាផ្លូវការ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ក្រោយការចរចាចំនួន១២លើក កិច្ចព្រមព្រៀងនេះ បានបញ្ចប់ការចរចាទាំងស្រុង និងឈានដល់ការចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។

ជានិតិវិធីកិច្ចព្រមព្រៀង CKFTA នេះ នឹងចូលជាធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័ន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។

បើតាមអ្នកពាក្យ លោក ប៉ែន សុវិជាតិ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២ ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០២២ គឺកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានរួមចំណែកធ្វើឱ្យការនាំចេញបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដែលជាសក្ខីភាពមួយនៃការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា៕