(សិង្ហបុរី)៖ ក្រុមហ៊ុន QSR Brands ដែលជាប្រតិបត្តិករម៉ាឡេស៊ីរបស់ភោជនីយដ្ឋាន KFC និង Pizza Hut ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពន្យារពេលជាថ្មីម្តងទៀតនូវផែនការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងស្រុករបស់ខ្លួនដែលគ្រោងនឹងប្រមូលប្រាក់ ៥០០លានដុល្លារ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយយោងប្រភពចំនួន៤ ថា ការពន្យាពេលជាថ្មីនេះធ្វើឡើងដោយសារការព្រួយបារម្ភថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមិនល្អអាចប៉ះពាល់ដល់តម្លៃរបស់ក្រុមហ៊ុន។
ប្រភពទាំងនេះដែលបានដឹងកិច្ចការបោះផ្សាយ IPO បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុន QSR Brands (M) Holdings Bhd (QSR Brands) ដែលកាន់កាប់សិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Yum! Brands Inc ដើម្បីដំណើរការខ្សែចង្វាក់អាហារទាន់ចិត្តនៅប្រទេសប្រ៊ុយណេ កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ឥឡូវនេះកំពុងសម្លឹងឆ្ពោះទៅរកការបោះផ្សាយ IPO របស់ខ្លួននៅឆ្នាំក្រោយ។
ដោយសុំមិនបង្ហាញអត្តសញ្ញាណព្រោះមិនមានសិទ្ធិនិយាយជាមួយអ្នកសារព័ត៌មាន ប្រភពដដែលបាននិយាយថា ក្រុមហ៊ុន QSR Brands ដែលជាផ្នែកមួយនៃក្រុមហ៊ុនមូលនិធិឯកជន CVC Capital Partners និងក្រុមហ៊ុនវិនិយោគរដ្ឋ Johor Corp របស់ម៉ាឡេស៊ី កន្លងមកមានបំណងការប្រមូលប្រាក់ពី ៤០០លានទៅ ៥០០លានដុល្លារនៅចុងឆ្នាំ២០២២នេះ តាមរយៈការបោះផ្សាយ IPO។
ដោយមិនសំដៅដល់ផែនការបោះផ្សាយ IPO របស់ក្រុមហ៊ុន អ្នកតំណាងរបស់ក្រុមហ៊ុន QSR បានឱ្យដឹងនៅក្នុងការឆ្លើយតបតាមអ៊ីមែលទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារថា៖ «ការបង្កើនតម្លៃភាគហ៊ុនិកគឺជាគោលបំណងសំខាន់ ហើយយើងតែងតែស្វែងរកឱកាសត្រឹមត្រូវ»។ ក្រុមហ៊ុន Johor Corp និងក្រុមហ៊ុន CVC មិនបានឆ្លើយតបភ្លាមៗចំពោះសំណើធ្វើអត្ថាធិប្បាយទេ។
ប្រសិនបើទទួលបានជោគជ័យ ការប្រមូលថវិកានេះនឹងក្លាយជាការបោះផ្សាយ IPO ដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី គិតចាប់តាំងពីក្រុមហ៊ុន Lotte Chemical Titan Holdings Bhd របស់កូរ៉េខាងត្បូងបានប្រមូលប្រាក់បានចំនួន ៨៧៨លានដុល្លារក្នុងឆ្នាំ២០១៧។
ប្រភពពីរក្នុងចំណោមប្រភពទាំង៤ បាននិយាយថា ក្រុមហ៊ុន QSR មានបំណងទទួលបានតម្លៃទីផ្សារយ៉ាងហោចណាស់ ៦ប៊ីលានរីងហ្គីត (១,៣៥ប៊ីលានដុល្លារ)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕