(វ៉ាស៊ីនតោន)៖ របាយការណ៍របស់សមាគមបច្ចេកវិទ្យាអ្នកប្រើប្រាស់ (CTA) របស់អាមេរិក បានបង្ហាញនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនអ្នកនាំចូលផលិតផលបច្ចេកវិទ្យាពីប្រទេសចិន បានបង់ប្រាក់ពន្ធគយជាង ៣២ប៊ីលានដុល្លារ ដែលដាក់ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅចន្លោះពាក់កណ្តាលឆ្នាំ២០១៨ ដល់ដំណាច់ឆ្នាំ២០២១ ខណៈដែលរដ្ឋាភិបាលរបស់លោក Joe Biden បន្ត ពិចារណាយ៉ាងម៉ត់ចត់ថាតើត្រូវដកពន្ធគយទាំងនេះចេញឬយ៉ាងណា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍របស់សមាគម CTA ថា ឧស្សាហកម្មបច្ចេកវិទ្យាបានកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិនបន្ទាប់ពីមានការដាក់ការដកហូតពន្ធគយ ហើយបានងាកទៅបង្កើនការនាំចូលពីប្រទេសវៀតណាម តៃវ៉ាន់ កូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសដទៃទៀតវិញ។

CTA បានឱ្យដឹងថា ប្រហែលពាក់កណ្តាលនៃពន្ធគយចំនួន ៣២ប៊ីលានដុល្លារនេះបានមកពីពន្ធលើកុំព្យូទ័រ និងផលិតផលអេឡិចត្រូនិកដែលផលិតដោយប្រទេសចិន។ យោងតាមទិន្នន័យគយ និងការការពារព្រំដែន ទឹកប្រាក់ពន្ធគយសរុបដែលដកហូតលើទំនិញចិនទាំងអស់ដែលអនុវត្តតាមមាត្រា ៣០១ រហូតដល់ថ្ងៃទី១៣ ខែកក្កដា មានចំនួនសរុប ១៤៥,៤៣ប៊ីលានដុល្លារ។

របាយការណ៍ដដែលនេះបានចេញផ្សាយក្នុងគ្រាដែលរដ្ឋាភិបាលរបស់លោក Biden កំពុងព្យាយាមកំណត់ថាតើត្រូវលុបចោលពន្ធមួយចំនួនដើម្បីធ្វើជាមធ្យោបាយជួយសម្រួលដល់បន្ទុកដល់អ្នកប្រើប្រាស់អាមេរិកពីអតិផរណាខ្ពស់ដែរឬយ៉ាងណា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Ed Brzytwa អនុប្រធានសមាគ CTA ទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិថា ពន្ធគយប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិក មិនមែនដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយប្រទេសចិនទេ។

លោកបានមានប្រសាសន៍ថា៖ «ជាមួយនឹងការកើនឡើងតម្លៃទំនិញនៅទូទាំងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់យើង ការលុបចោលពន្ធនឹងកាត់បន្ថយអតិផរណាដែលកើនឡើងខ្លាំងដ៏គ្រោះថ្នាក់ និងជួយកាត់បន្ថយថ្លៃដើមសម្រាប់ពលរដ្ឋអាមេរិក»

របាយការណ៍សមាគម CTA ដែលពិពណ៌នាអំពីនិន្នាការនាំចូលគិតចាប់តាំងពីពន្ធគយត្រូវបានដាក់លើកដំបូងជាដំណាក់កាលនៅពាក់កណ្តាលឆ្នាំ២០១៨នេះ បង្ហាញថា ការនាំចូលទំនិញបច្ចេកវិទ្យារបស់ចិនដែលរងការវាយប្រហារដោយពន្ធយោងតាមមាត្រា៣០១នេះ បានធ្លាក់ចុះ ៣៩% ក្នុងរយៈពេល ៣ឆ្នាំកន្លះមកនេះ ខណៈដែលទំនិញផ្សេងទៀតដែលមិនរងផលប៉ះពាល់ដោយសារពន្ធគយនេះបានកើនឡើង ៣៥%។

សមាគម CTA បានឱ្យដឹងថា ចំណែកទីផ្សាររបស់ចិនសម្រាប់ការនាំចូលផលិតផលបច្ចេកវិទ្យានៅសហរដ្ឋអាមេរិកបានរងគ្រោះខ្លាំងដោយពន្ធគយនេះ ដោយធ្លាក់ចុះប្រហែលពាក់កណ្តាលមកត្រឹម ១៧% ក្នុងឆ្នាំ២០២១ ពី ៣២% ក្នុងឆ្នាំ២០១៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕