(ហាណូយ)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាមនឹងដាក់ផែនការកាត់បន្ថយពន្ធលើប្រេងសាំង និងប្រេងទៅកាន់រដ្ឋសភាជាតិ ដើម្បីអនុម័តនៅក្នុងកិច្ចប្រជុំខែតុលារបស់ខ្លួន។ នេះបើយោងតាមកាសែត Vietnam News។

រដ្ឋាភិបាលវៀតណាមបានស្នើទៅកាន់ក្រសួងហិរញ្ញវត្ថុឱ្យធ្វើរបាយការណ៍ស្តីពីផែនការកាត់បន្ថយតម្លៃ លក់រាយសម្រាប់ប្រេងឥន្ធនៈ និងប្រេងផ្សេងៗកាលពីថ្ងៃទី១៨ ខែកក្កដា។

ជាពិសេសទៀតនោះ ក្រសួងហិរញ្ញវត្ថុវៀតណាមត្រូវបានស្នើឱ្យបន្តគណនាផែនការកាត់បន្ថយពន្ធលើតម្លៃបន្ថែម និងអាករលើតម្លៃបន្ថែម (VAT) សម្រាប់ប្រេងសាំង ហើយថែមទាំងវាយតម្លៃដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់នៃការកាត់បន្ថយនេះទៅលើថវិការដ្ឋ។

យោងតាមកាសែត Vietnam News នៅក្នុងរចនាសម្ព័ន្ធបច្ចុប្បន្ននៃតម្លៃលក់រាយប្រេងឥន្ធនៈនិងប្រេងសាំង ប្រេងសាំង និងប្រេងផ្សេងទៀតក្នុងមួយលីតត្រូវជាប់ពន្ធបួនប្រភេទ ដូចជាពន្ធនាំចូល ១០ភាគរយ អាករលើតម្លៃបន្ថែម ១០ភាគរយ ពន្ធការពារបរិស្ថាន ១ ០០០ដុងក្នុងមួយលីត្រ និងពន្ធគយ ១០ភាគរយសម្រាប់ប្រេងសាំងប្រភេទ RON ៩៥ ពន្ធគយ ៨ ភាគរយ សម្រាប់សាំងប្រភេទ E5 និង ៧ ភាគរយសម្រាប់ប្រេងប្រភេទ E10។ ផលិតផលប្រេងផ្សេងទៀតត្រូវបានលើកលែងពីពន្ធនេះ។

ពន្ធសរុបនិងថ្លៃដើមផ្សេងទៀតសម្រាប់ផលិតផលប្រេងនៅវៀតណាមមានចំនួនពី ២៨ ទៅ ៣៥ ភាគរយនៃតម្លៃលក់រាយ។

យោងតាមសមាគមប្រេងសាំងវៀតណាម តម្លៃសាំង RON 95-III មួយលីត្ររួមបញ្ចូលពន្ធ ១ម៉ឺនដុង (ប្រហែល ០,៤៣ដុល្លារ) និងកម្រៃជាង ១ពាន់ដុង (ប្រហែល ០,០៤៣ដុល្លារ)។ ក្រុមហ៊ុននានាកំពុងរង់ចាំការកាត់បន្ថយពន្ធសម្រាប់ប្រេងសាំងនិងប្រេងផ្សេងៗ ដើម្បីគាំទ្រដល់ការផលិត និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

កាសែត Vietnam News បានរាយការណ៍ថា លោក Lê Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាមថ្លែងថា នាពេលខាងមុខស្ថានភាពនឹងនៅតែមិនអាចទាយទុកជាមុនបានទេ ហើយសម្ពាធពីការកើនឡើងតម្លៃលើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ និងអតិផរណានឹងមានទំហំធំខ្លាំងណាស់។

លោកបានណែនាំឱ្យក្រសួងមហាផ្ទៃគណនាដោយប្រុងប្រយ័ត្ន។ ប្រសិនបើមានចន្លោះអាចធ្វើបាន ក្រសួងហិរញ្ញវត្ថុគួរតែស្នើឱ្យកាត់បន្ថយអាករលើតម្លៃបន្ថែម និងពន្ធលើការប្រើប្រាស់ពិសេសលើប្រេងសាំង ដោយជៀសវាងផលប៉ះពាល់ខ្លាំងលើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)៕