(ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍមក ត្រឹម៤.៦% នៅឆ្នាំនេះ ដោយសារកំណើនថយចុះក្នុងសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ការរឹតបន្តឹង រូបិយវត្ថុកាន់តែខ្លាំង ក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងផលវិបាកដែលបណ្តាលមកពីការ អូស បន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទស្សនវិស័យនេះប្រែប្រួលពីការព្យាករ ៥.២% ដែលចេញដោយ ADB កាលពីខែមេសា។ ធនាគារ អភិវឌ្ឍន៍អាស៊ីក៏បានបង្កើនការព្យាកររបស់ខ្លួន សម្រាប់អតិផរណាក្នុងតំបន់ ខណៈដែលតម្លៃម្ហូបអាហារ និង ប្រេងឥន្ធនៈកាន់តែខ្ពស់។
តំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកំពុងបន្តការងើបឡើងវិញរបស់ខ្លួន ពីជំងឺរាតត្បាត កូវីដ១៩នេះ បើយោងតាមរបាយការណ៍បំពេញបន្ថែម ទស្សនវិស័យអភិវឌ្ឍន៍ អាស៊ី សម្រាប់ឆ្នាំ ២០២២ (Asian Development Outlook (ADO) 2022 Supplement) ដែលចេញផ្សាយនៅថ្ងៃនេះ។ ប្រទេសជាច្រើនកំពុងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដើម្បីពង្រឹងសកម្មភាពសេដ្ឋកិច្ច។ ទោះជាយ៉ាងនេះក្តី កំណើនបានថយចុះនៅក្នុងសាធារណៈរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់ ដោយសារតែការរំខានពីការបិទតំបន់មួយចំនួនសារជាថ្មីដោយសារកូវីដ១៩ ព្រមទាំងតម្រូវការសកលដែលចុះខ្សោយ។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ផលប៉ះពាល់សេដ្ឋកិច្ច នៃ ជំងឺរាតត្បាតបានធ្លាក់ចុះនៅភាគច្រើននៃតំបន់អាស៊ី ប៉ុន្តែយើងនៅឆ្ងាយពីការងើបឡើងវិញពេញលេញ និងប្រកបដោយនិរន្តរភាព ។ ក្រៅពីកំណើនថយចុះនៅសាធារណៈរដ្ឋប្រជាមានិតចិន ឥទ្ធិពលនៃសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន បានបន្ថែមសម្ពាធអតិផរណាដែលបណ្តាលឱ្យធនាគារកណ្តាលនៅជុំវិញពិភព លោកដំឡើងអត្រាការប្រាក់ជាហេតុនាំឱ្យកំណើនថយចុះ។ វាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយ ភាពមិនប្រាកដប្រជាជាសកលទាំងអស់នេះ ដែលបន្តបង្កហានិភ័យដល់ការងើបឡើងវិញនៃតំបន់»។
សេដ្ឋកិច្ចរបស់សាធារណៈរដ្ឋប្រជាមានិតចិន កើនបាន ៤.0% ក្នុងឆ្នាំនេះ ធៀបនឹងការព្យាករ ពីមុន ៥.0%។ ADB ក៏បានទម្លាក់ទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេសឥណ្ឌាមកត្រឹម ៧.២% ពី ៧.៥% ដោយសារមានអតិផរណាខ្ពស់ជាងការរំពឹងទុក និងការរឹតបន្តឹងរូបិយវត្ថុ។
អតិផរណានៅក្នុងតំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងកើនឡើងដល់ ៤.២% នៅឆ្នាំនេះ ធៀបនឹងការព្យាករពីមុន ៣.៧%។ ទោះជាយ៉ាងណាក៏ដោយសម្ពាធ អតិផរណា នៅក្នុង តំបន់ទាំងមូលនៅតែទាបជាងតំបន់ផ្សេងទៀតនៅក្នុងពិភពលោក។
សម្រាប់ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ីបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់តំបន់មកត្រឹម ៥.២% ពី ៥.៣% ខណៈដែលបង្កើនការព្យាករអតិផរណាដល់ ៣.៥% ពី ៣.១%។
ការព្យាករកំណើនសម្រាប់អនុតំបន់មួយចំនួនត្រូវបានកែប្រែ។ ទស្សនវិស័យសម្រាប់អាស៊ីអាគ្នេយ៍ ត្រូវបានដំឡើងដល់ ៥.0% នៅឆ្នាំនេះពី ៤.៩% ដោយសារមានការកើនឡើងនៃតម្រូវការក្នុងស្រុក បណ្តាលមកពីការរឹតត្បិតកូវីដ១៩ កាន់តែធូរស្រាល។ ការព្យាករសម្រាប់តំបន់ Caucasus និងអាស៊ី កណ្តាលត្រូវបានដំឡើងដល់ ៣.៨% ពី ៣.៦% ដោយសារប្រទេសមួយចំនួននៅក្នុងតំបន់អាចទប់ទល់ នឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានល្អជាងការរំពឹងទុក។ នៅក្នុងតំបន់ ប៉ាស៊ីហ្វិក ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នៅហ្វីជី បានជួយឱ្យទស្សនវិស័យកំណើននៃតំបន់ នេះមានភាពកើនឡើងដល់ ៤.៧% ពី ៣.៩%៕