(ភ្នំពេញ)៖ សហគមន៍មៀនប៉ៃលិន បានបង្ហាញការសាទរដែលក្រុមហ៊ុនចិនមួយ បានបញ្ជាទិញមៀនប៉ៃលិន ក្នុងចំនួនមិនកំណត់ សម្រាប់នាំចេញទៅផ្សារចិនដោយផ្ទាល់ ចាប់ពីខែកញ្ញាខាងមុខនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាគ្មានទីផ្សាររបស់កសិករដែលធ្លាប់តែជួបកន្លងមក។

កាលពីថ្ងៃទី១៩ កក្កដា ក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត បានប្រកាសតម្លៃបញ្ជាទិញមៀន ក្នុងតម្លៃជាក់លាក់ពីចាប់ពី ៣,៣០០រៀល ទៅ៤,៥០០រៀល ក្នុងមួយគីឡូក្រាម និងបានចុះកិច្ចសន្យា ទិញមៀនប៉ៃលិន ជាមួយសហគមន៍មៀនប៉ៃលិន ទាំង៤រួមមាន ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ ក្នុងពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានចាត់ទុកការចុះកិច្ចព្រមព្រៀងទិញផ្លែមៀនប៉ៃលិន រវាងក្រុមហ៊ុនរបស់ចិន និងសហគមន៍មៀនប៉ៃលិន ក្នុងខេត្តបៃលិន បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាជំហានជោគជ័យមួយទៀតសម្រាប់អ្នកប្រកបរបរដាំមៀនប៉ៃលិន។ ជាពិសេសធ្វើឱ្យផ្លែមៀនប៉ៃលិន ធានាបានតម្លៃមួយច្បាស់លាស់។

លោករដ្ឋមន្ត្រី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពិធីចុះកិច្ចព្រមព្រៀងនេះ គ្រប់ភាគីទាំងអស់នឹងសហការគ្នាឱ្យកាន់តែមានភាពជិតស្និទ្ធ នៅក្នុងការជួយជំរុញដំណើរការសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចម្រើន និងជួយផលិតកម្ម ដែលមានគោលដៅចុងក្រោយ គឺបង្កើនប្រាក់ចំណូលជូនកសិករជាអ្នកដាំមៀន ។

លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍មៀនប៉ៃលិន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ កក្កដានេះថា តម្លៃដែលក្រុមហ៊ុនចិន បានចុះកិច្ចសន្យាទិញ ចន្លោះពី ៣,៣០០រៀល ទៅ ៤,៥០០រៀល ក្នុងមួយគីឡូក្រាមនេះ គឺជាតម្លៃមួយដែលកសិករអាចទទួលយកបាន។ ប៉ុន្តែការបញ្ជាទិញនេះ គឺទៅលើប្រភេទមៀនប៉ៃលិន ដែលបានចុះបញ្ជីកសិកម្មល្អ ទៅតាមស្តង់ដារដែលបានកំណត់ ក្នុងការនាំចេញប៉ុណ្ណោះ។ ហេតុនេះហើយ លោកជំរុញឲ្យកសិករត្រៀមខ្លួន ឲ្យបានរួចរាល់ក្នុងការដាំដុះមៀនប៉ៃលិន ឲ្យស្របតាមស្តង់ដារ គុណភាព និងទៅចុះបញ្ជីចម្ការជាមួយក្រសួងកសិកម្ម។

លោកបន្តថា ក្រុមហ៊ុនគ្រោងបញ្ជាទិញសម្រាប់នាំចេញទៅប្រទេសចិនដោយផ្ទាល់ ក្នុងបរិមាណមិនកំណត់នោះទេ សម្រាប់ខេត្តទាំង៤។

លោក សួស ស៊ីយ៉ាត បានលើកឡើងថា «យើងឃើញថា នឹងសម្រួលទីផ្សារ និងការងារដាំដុះរបស់បងប្អូនកសិករដាំមៀនបានហើយ ព្រោះថា មិនមែនតែរោងចក្រហ្នឹងមួយទេ មានរោងចក្រ២-៣ទៀត ដែលគេសម្ងួត និងកែច្នៃធ្វើជាស្រាអី មានច្រើន»។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការវាយតម្លៃលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយទទួលបានលទ្ធផលវិជ្ជមាន ដែលអាចនឹងនាំចេញ ក្នុងរដូវប្រមូលផលខាងមុខនេះ ក្នុងអំឡុងខែសីហា ឬខែកញ្ញា។

បច្ចុប្បន្ននេះ ផ្ទៃដីដាំមៀនប៉ៃលិននៅកម្ពុជា មានចំនួនប្រមាណជាង៨ពាន់ហិកតា។ មៀនប៉ៃលិន ភាគច្រើនដាំដុះនៅខេត្តចំនួនរួមមាន ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់៕